ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានពណ៌នាថ្ងៃដំបូងនៃការចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនថា ដំណើរការទៅបានយ៉ាងល្អខ្លាំង ដែលជាការចាប់ផ្តើមឡើងវិញដ៏ទូលំទលាយ និងមានលក្ខណ:ស្ថាបនា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។
ដោយបង្ហោះនៅលើបណ្តាញសង្គម Truth Social អំពីថ្ងៃដំបូងនៃការចរចារវាងគណ:ប្រតិភូពាណិជ្ជកម្មអាមេរិក និងចិន កាលពីថ្ងៃទី១០ ខែឧសភា លោក ត្រាំ បានសរសេរថា៖” កិច្ចប្រជុំជាមួយប្រទេសចិន នៅក្នុងប្រទេសស្វីសដំណើរការល្អណាស់នៅថ្ងៃនេះ។ បញ្ហា និងខ្លឹមសារជាច្រើនត្រូវបានលើកយកមកពិភាក្សា និងយល់ព្រម”។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ ហាក់មិនបានបញ្ជាក់លម្អិតបន្ថែមអំពីវឌ្ឍនភាពជាក់លាក់ណាមួយដែលត្រូវបានបង្កើតឡើងនោះទេ ហើយថបានអំពាវនាវឲ្យប្រទេសចិន បើកទូលាយបន្ថែមទៀតដល់អាជីវកម្មរបស់សហរដ្ឋអាមេរិក ដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។
គួរឲ្យដឹងថា នៅថ្ងៃដំបូងនៃការចរចានេះ ឧបនាយករដ្ឋមន្ត្រីចិនលោក He Lifeng បានធ្វើការសន្ទនាផ្ទាល់ដែលមានរយៈពេលប្រហែល ៨ម៉ោងជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent និងតំណាងពាណិជ្ជកម្មអាមេរិក លោកJamieson Greer នៅ Villa Saladin ក្បែរទីស្នាក់ការអង្គការសហប្រជាជាតិ។ នេះត្រូវបានចាត់ទុកថាជាជំនួបកម្រិតខ្ពស់ជាលើកដំបូង ពោលគឺចាប់តាំងពីប្រទេសទាំងពីរបន្តដាក់ពន្ធសងសឹករហូតដល់ជាង ១០០% លើទំនិញរបស់គ្នាទៅវិញទៅមក។
បើតាមប្រភពជាច្រើន បានបង្ហាញឲ្យដឹងថាកិច្ចប្រជុំលើកដំបូងនេះ ត្រូវបានបញ្ចប់នៅម៉ោង ៨យប់ (ម៉ោងក្នុងស្រុក) ខណ:ភាគីទាំងពីរមិនបានចេញសេចក្តីថ្លែងការណ៍ផ្លូវការ ឬបង្ហាញពីវឌ្ឍនភាពជាក់លាក់ណាមួយនៅឡើយនោះទេ។ ហើយបើតាមប្រភពពី AP បាននិយាយថា កិច្ចពិភាក្សានឹងត្រូវបន្តធ្វើឡើងនៅថ្ងៃទី១១ ខែឧសភា។
ជម្រាបជូនថា ភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំងទីពីររបស់ពិភពលោក បានផ្ទុះឡើងនៅក្នុងខែកុម្ភៈ បន្ទាប់ពីការដំឡើងពន្ធជាបន្តបន្ទាប់របស់លោក ត្រាំ ដែលបានជំរុញឲ្យមានការឆ្លើយតបវិញយ៉ាងខ្លាំងពីសំណាក់ទីក្រុងប៉េកាំង៕