យោងតាមប្រធានាធិបតីអារ៉ាប់រួម Sheikh Mohammed bin Zayed Al Nahyan បាននិយាយកាលពីថ្ងៃទី១៦ ខែឧសភាថា ប្រទេសរបស់លោក គ្រោងនឹងវិនិយោគក្នុងទំហំទឹកប្រាក់ ១,៤ទ្រីលានដុល្លារ នៅក្នុងទឹកដីសហរដ្ឋអាមេរិក រយ:ពេល ១០ឆ្នាំខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ជុំវិញការប្រកាសនេះ ត្រូវបានបានធ្វើឡើងក្នុងអំឡុងពេលកិច្ចជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯវិមានប្រធានាធិបតី Qasr Al Watan ក្នុងទីក្រុង Abu Dhabi។
លោក Al Nahyan បានគូសបញ្ជាក់តាមរយៈស្ថាប័នវិនិយោគ Emirati ថា ការវិនិយោគនៅក្នុងចំនួនទឹកប្រាក់ដ៏ច្រើនមហាសាលនេះ គឺនឹងផ្តោតសំខាន់ទៅលើវិស័យសេដ្ឋកិច្ចថ្មី ថាមពល បច្ចេកវិទ្យាទំនើប បញ្ញាសិប្បនិម្មិត និងឧស្សាហកម្ម ជាដើម។
លោក Al Nahyan បានសង្កត់ធ្ងន់ទៀតថា សហរដ្ឋអាមេរិក ក៏ជាដៃគូយុទ្ធសាស្ត្រក្នុងការផ្តួចផ្តើមវិស័យអវកាសរបស់ UAE ផងដែរ រួមទាំងកម្មវិធីរុករកភពអង្គារ បេសកកម្មអវកាសយានិក និងគម្រោងរុករកនៅទីអាវកាស ផ្សេងទៀត។
គួរបញ្ជាក់ថា អារ៉ាប់រួមគឺជាកន្លែងសំចតទីបី និងចុងក្រោយសម្រាប់ដំណើរកិច្ចទៅកាន់ប្រទេសឈូងសមុទ្ររបស់លោក ត្រាំ បន្ទាប់ពីអារ៉ាប៊ីសាអូឌីត និងកាតា។ ហើយមិនតែប៉ុណ្ណោះ ដំណើរទស្សនកិច្ចរបស់លោក ត្រាំ ទៅទីក្រុង Abu Dhabi ក៏ត្រូវបានចាត់ទុកថាជាដំណើរទស្សនកិច្ចលើកដំបូងសម្រាប់ប្រធានាធិបតីអាមេរិកផងដែរ ពោលគឺចាប់តាំងពីឆ្នាំ២០០៨ មក ដែលកាលនោះប្រធានាធិបតី George W. Bush បានធ្វើដំណើរទៅទីនោះ។
ជម្រាបជូនផងដែរថា នៅមុននេះ សហរដ្ឋអាមេរិក និងប្រទេសអារ៉ាប់រួម (UAE) ក៏បានសម្រេចការចុះហត្ថលេខាលើកិច្ចព្រមព្រៀងធំៗជាច្រើនជាមួយគ្នា រួមមានការបញ្ជាទិញយន្តហោះ ការវិនិយោគលើថាមពល និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា AI ដែលមានតម្លៃសរុបប្រមាណ ២០០ពាន់លានដុល្លារ ផងដែរ៕