អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងមានជំងឺមហារីកក្រពេញប្រូស្តាត កម្រិតធ្ងន់ធ្ងរ

អន្តរជាតិ

អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា កំពុងមានជំងឺមហារីកក្រពេញប្រូស្តាតធ្ងន់ធ្ងរ ដែលបានរាលដាលយ៉ាងឆាប់រហ័សដល់ឆ្អឹងរបស់លោក ហើយកំពុងពិចារណាលើជម្រើសនៃការព្យាបាល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការិយាល័យរបស់អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១៨ ខែឧសភាថា៖” លោក បៃដិន ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺមហារីកក្រពេញប្រូស្តាត។ នេះគឺជាទម្រង់មហារីករាលដាលដ៏ខ្លាំងក្លាមួយ ប៉ុន្តែវាទំនងពាក់ព័ន្ធទៅនឹងអរម៉ូន ដែលអាចទទួលបានការព្យាបាលប្រកបដោយប្រសិទ្ធភាព”។

គួរឲ្យដឹងថា វេជ្ជបណ្ឌិតបានរកឃើញដុំសាច់តូចមួយ នៅក្រពេញប្រូស្តាត ខណៈពេលកំពុងពិនិត្យសុខភាពរបស់លោក បៃដិន កាលពីសប្តាហ៍មុន បន្ទាប់ពីអតីតប្រធានាធិបតីវ័យ ៨២ឆ្នាំ រូបនេះ មានរោគសញ្ញាពាក់ព័ន្ធទៅនឹងទឹកនោម។

តាមការបញ្ជាក់របស់ការិយាល័យលោក បៃដិន បានបង្ហាញឲ្យដឹងទៀតថា អតីតប្រធានាធិបតីអាមេរិករូបនេះ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកកម្រិតទី៩ នៃ Gleason ដែលជាចំណាត់ថ្នាក់នៃការវាយតម្លៃខ្ពស់បំផុតនៃមហារីកក្រពេញប្រូស្តាត ដែលបានរីករាលដាលដល់ឆ្អឹងរបស់លោក ផងដែរ។

ជម្រាបជូនផងដែរថា យោងតាមប្រភពដែលដឹងពីស្ថានការណ៍បាននិយាយថា លោក បៃដិន បានចំណាយពេលចុងសប្តាហ៍នៅផ្ទះរបស់លោក ក្នុងទីក្រុង Wilmington រដ្ឋ Delaware ។ ហើយគេ​នៅ​មិន​ទាន់​ដឹង​ថា កន្លែង​ព្យាបាល​ណា​មួយដែល​អតីត​ប្រធានាធិបតី​រូបនេះ កំពុងសម្រាក​ព្យាបាល​នៅ​ឡើនោះទេ៕