អ្នកមានដាច់គេនៅថៃ បង្កើនការទិញភាគហ៊ុនបន្ថែមក្នុងធនាគារ Kbank ដល់ជាង ៦០០លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុន Gulf Development Plc ដែលគ្រប់គ្រងដោយមហាសេដ្ឋីមានដាច់គេរបស់ប្រទេសថៃ លោក Sarath Ratanavadi បានបង្កើនការទិញភាគហ៊ុនរបស់ខ្លួននៅក្នុងធនាគារ Kasikornbank Plc ( Kbank) ដល់ប្រហែល ៦១០លានដុល្លារ ដែលបានធ្វើឲ្យពួកគេក្លាយជាម្ចាស់ភាគហ៊ុនធំបំផុតទី៣ នៅក្នុងធនាគារដ៏ល្បីល្បាញក្នុងស្រុកមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយ:ការទិញចុងក្រោយនេះ បានធ្វើឲ្យ Gulf បង្កើនការកាន់កាប់ភាគហ៊ុនរបស់ខ្លួន នៅក្នុងធនាគារ Kasikornbank ចំនួន ០,៥៣% បន្ថែមទៀត ជាមួយនឹងភាគហ៊ុនសរុបកើនឡើងរហូតដល់ ៥,២៣% ។ នេះយោងតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មការមូលបត្រថៃ ចុះនៅថ្ងៃទី១៦ ខែឧសភា។

យោងតាម លោកស្រី Yupapin Wangviwat ប្រធានផ្នែកហិរញ្ញវត្ថុរបស់ Gulf បានប្រាប់ទៅក្នុងកិច្ចប្រជុំវិនិយោគិនកាលពីសប្តាហ៍មុនថា ការទិញភាគហ៊ុនរបស់ធនាគារ Kasikornbank ដោយក្រុមហ៊ុន Gulf នេះ គឺជាផ្នែកមួយនៃការវិនិយោគធម្មតាទូទៅរបស់ខ្លួន ក្នុងគោលបំណងបង្កើតប្រាក់ចំណេញ និងភាគលាភខ្ពស់ជាងមុន។

ជម្រាបជូនផងដែរថា លោក Sarath បានកសាង Gulf ឲ្យក្លាយទៅជាក្រុមហ៊ុនផលិតថាមពលដ៏ធំបំផុតរបស់ប្រទេសថៃ និងថែមទាំងបានច្របាច់បញ្ចូលគ្នា ជាមួយក្រុមហ៊ុន Intouch Holdings Plc ដែលជាម្ចាស់ភាគហ៊ុនកំពូលនៅក្នុងក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំបំផុតទីពីររបស់ប្រទេសថៃ Advanced Info Service Plc ផងដែរ។ បច្ចុប្បន្ន ទ្រព្យសម្បត្តិសរុបរបស់លោក Sarath មានចំនួនប្រហែល ១២,៩ពាន់លានដុល្លារ ខណ:ចំនួននេះបានធ្វើឲ្យរូបលោកក្លាយជាអ្នកមានដាច់គេ របស់ប្រទេសថៃ៕