មហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk បាននិយាយថា លោននឹងចំណាយលុយតិចជាងមុនលើសកម្មភាពនយោបាយ បន្ទាប់ពីបានចំណាយទឹកប្រាក់អស់ជាង ២៩០លានដុល្លារ សម្រាប់យុទ្ធនាការបោះឆ្នោតរបស់ប្រធានាធិបតី លោក ដូណាល់ ត្រាំ កាលពីពេលកន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

លោក Musk បាននិយាយប្រាប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក កាលពីថ្ងៃទី២០ ខែឧសភា នៅឯខាងក្រៅវេទិកាសេដ្ឋកិច្ចកាតា ថា ៖” ខ្ញុំនឹងកាត់បន្ថយយ៉ាងច្រើនលើការចំណាយផ្នែកនយោបាយ នាពេលខាងមុខ។ ខ្ញុំគិតថាខ្ញុំបានចំណាយគ្រប់គ្រាន់ហើយ។ ខ្ញុំនឹងនៅតែបន្តចំណាយលើនយោបាយនាពេលអនាគតប្រសិនបើមានហេតុផលល្អ។ ប៉ុន្តេក្នុងពេលឥឡូវនេះ វាគ្មានហេតុផលណាមួយដែលខ្ញុំត្រូវចំណាយទៀតនោះឡើយ”។
គួរឲ្យដឹងផងដែរថា បន្ទាប់ពីបានចំណាយទឹកប្រាក់អស់ប្រមាណជាង ២៩០លានដុល្លារ ដល់យុទ្ធនាការរបស់ប្រធានាធិបតីលោក ត្រាំ ហើយ ស្ថាបនិកក្រុមហ៊ុន Tesla រូបនេះ ក៏បានចំណាយលុយផ្ទាល់ខ្លួនជាង ២០លានដុល្លារផ្សេងទៀត ដើម្បីគាំទ្រដល់ការបោះឆ្នោតជ្រើសរើសចៅក្រមតុលាការកំពូលប្រចាំរដ្ឋ Wisconsin ដែលបានទទួលរងការបរាជ័យ ផងដែរ។
ជម្រាបជូនថា លោក Musk ក៏បានលាឈប់ពីតួនាទីជាទីប្រឹក្សារដ្ឋាភិបាលពេញម៉ោងហើយផងដែរ បន្ទាប់ពីបានដឹកនាំការិយាល័យប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) អស់រយ:ពេលជាច្រើនខែ ដើម្បីងាកមកផ្តោតលើពេលវេលាក្នុងការដំណើរការក្រុមហ៊ុនផ្ទាល់ខ្លួន រួមទាំងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ផងដែ៕

