មហាសេដ្ឋីមានដាច់គេលើលោក Elon Musk បានចេញមុខបញ្ជាក់យ៉ាងច្បាស់ថា លោកនឹងនៅតែបន្តដឹកនាំក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla រយ:ពេល ៥ឆ្នាំខាងមុខទៀត ចំពេលពាក្យចចាមអារ៉ាមជាច្រើន ដែលនិយាយថាលោកអាចនឹងត្រូវបានជំនួសដោយអ្នកផ្សេង ក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងអំឡុងព្រឹត្តិការណ៍មួយនៅទីក្រុងដូហា ប្រទេសកាតា មហាសេដ្ឋី Elon Musk បាននិយាយថា លោកនៅតែមានបំណងធ្វើជានាយកប្រតិបត្តិក្រុមហ៊ុន Tesla យ៉ាងហោចណាស់ ៥ឆ្នាំទៅមុខទៀត លុះត្រាតែលោកលែងមានវត្តមាននៅលើលោកនេះ។
គួរឲ្យដឹងថា ពាក្យចចាមអារ៉ាមបានផ្សព្វផ្សាយកាលពីចុងខែមេសាថា ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Tesla បានចាប់ផ្តើមស្វែងរកនាយកប្រតិបត្តិថ្មី តាំងពីដើមខែមីនាមកម្លេះ។ ហើយមិនតែប៉ុណ្ណោះ របាយការណ៍ពី WSJ បានរាយការណ៍ទៀតថា ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សអាមេរិកនេះ បានទាក់ទងទៅកាន់ក្រុមហ៊ុនជ្រើសរើសបុគ្គលិកជាច្រើន ដើម្បីស្វែងរកអ្នកស្នងតំណែងសម្រាប់លោក Musk ដោយលើកឡើងពីការព្រួយបារម្ភថា មហាសេដ្ឋីរូបនេះ ជាប់រវល់ជាមួយការងារ នៅក្នុងការិយាល័យប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដែលធ្វើឲ្យដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន Tesla ធ្លាក់ចុះយ៉ាងខ្លាំង។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រោយមក លោក Musk បានចេញមុខបដិសេធរបាយការណ៍ទាំងនេះវិញ ដោយហៅវាថាជាព័ត៌មានមិនពិត និងគ្មានសីលធម៌។ ប្រធានក្រុមហ៊ុន Tesla លោក Robyn Denholm ក៏បានហៅរបាយការណ៍នេះថា ជារឿងមិនពិតទាំងស្រុងផងដែរ ដោយលោកនៅតែបង្ហាញពីទំនុកចិត្តលើការដឹកនាំរបស់លោក Musk ដដែល។
ជម្រាបជូនថា លោក Musk ឥឡូវនេះគឺជាម្ចាស់ភាគហ៊ុនដ៏ធំបំផុតរបស់ក្រុមហ៊ុន Tesla ។ ត្រីមាសមុន ប្រាក់ចំណូលរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះ បានធ្លាក់ចុះអស់ ៩% មកត្រឹម ១៩,៣ពាន់លានដុល្លារ។ ទន្ទឹមនឹងនេះ ប្រាក់ចំណូលសុទ្ធក៏បានធ្លាក់ចុះ ៧១% មកត្រឹម ៤០៩លានដុល្លារផងដែរ៕

