ការនាំចេញត្បូងរបស់ថៃ កំពុងប្រឈមនឹងភាពមិនច្បាស់លាស់ ចំពេលអាមេរិកដំឡើងពន្ធ

អន្តរជាតិ

សហរដ្ឋអាមេរិក ត្រូវបានចាត់ទុកថាជាទីផ្សារដ៏ធំបំផុតមួយសម្រាប់ត្បូង និងគ្រឿងអលង្ការនៅទូទាំងពិភពលោក ហើយក៏ជាគោលដៅនាំចេញដ៏សំខាន់សម្រាប់ប្រទេសថៃ និងប្រទេសច្រើនផ្សេងទៀត ផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តែទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការបង្កើនពន្ធនាំចូលលើត្បូង និងគ្រឿងអលង្ការពីគ្រប់ប្រទេសចំនួន ១០% ដែលត្រូវបានចូលជាធរមានចាប់ពីថ្ងៃទី៩ ខែមេសា ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ បានធ្វើឲ្យប្រទេសដែលជាអ្នកនាំចេញធំៗកំពុងតាមដានលើស្ថានការនេះយ៉ាងដិតដល់បំផុត។

ទន្ទឹមនឹងនេះ យោងតាមមជ្ឈមណ្ឌលព័ត៌មានត្បូង និងគ្រឿងអលង្ការ ដោយផ្នែកតាមទិន្នន័យទទួលបានពី Global Trade Atlas នៅក្នុងឆ្នាំ២០២៤ សហរដ្ឋអាមេរិកបាននាំចូលត្បូង និងគ្រឿងអលង្ការ (មិនរាប់បញ្ចូលមាស) សរុប មានតម្លៃ ៧៣,១ពាន់លានដុល្លារ។

ក្នុងចំណោមនោះ អ្នកផ្គត់ផ្គង់ធំបំផុត គឺប្រទេសស្វីស (១៧,៧២%) ឥណ្ឌា (១៥,៨២%) អាហ្វ្រិកខាងត្បូង (១០,៧៥%) កាណាដា (៧,៥៧%) និងអ៊ីស្រាអែល (៥,៨៩%) ។ យ៉ាងណាមិញ សម្រាប់ប្រទេសថៃ ជាប់ចំណាត់ថ្នាក់ទី១២ ជាមួយនឹងចំណែកទីផ្សារសរុប ២,៤៩% និងតាមពីក្រោយដោយប្រទេសចិន នៅចំណាត់ថ្នាក់ទី១៣ ដែលមាន ២,៣៧% ។

យ៉ាងណាមិញ ប្រទេសថៃ និងដៃគូប្រកួតប្រជែងរបស់ខ្លួនមួយចំនួន កំពុងប្រឈមមុខនឹងផលប៉ះពាល់ពីការដំឡើងពន្ធគយ ១០% ខណៈពេលដែលប្រទេសចិន និងហុងកុង ប្រឈមមុខនឹងការដំឡើងពន្ធដល់ទៅ ៣០% ​ឯណោះ ជុំវិញការនាំចេញត្បូង និងគ្រឿងអលង្ការទៅកាន់ទឹកដីសហរដ្ឋអាមេរិក ដែលផ្តល់ឲ្យប្រទេសថៃ នូវអត្ថប្រយោជន៍ច្រើនជាង ដៃគូប្រជែងរបស់ខ្លួន។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ហុងកុង​បានដើរ​តួនាទី​ជា​អ្នក​ចែក​ចាយ​ត្បូង និងគ្រឿងអលង្ការដ៏ធំបំផុតរបស់​ថៃ​ ទៅសហរដ្ឋ​អាមេរិក​ដោយ​ប្រយោល។ ដូច្នេះមានន័យថា ពន្ធគយដ៏​ខ្ពស់​លើ​ទីក្រុង​ហុងកុង ​អាច​កាត់​បន្ថយ​ការ​នាំ​ចេញ​របស់​ថៃ​ ដែល​ឆ្លងកាត់តំបន់នេះ ​ដោយសារ​តម្លៃ​កើនឡើង។

ជម្រាបជូនថា ការនាំចេញរបស់ថៃដោយផ្ទាល់ទៅកាន់សហរដ្ឋអាមេរិក នឹងមើលឃើញពីផលប៉ះពាល់នៅកម្រិតដំបូងនៅឡើយ ប៉ុន្តែនៅពេលមានការបង្កើនពន្ធគយ ១០% និងធ្វើឲ្យតម្លៃត្បូង និងគ្រឿងអលង្ការហក់ឡើងខ្ពស់ ដែលអាចកាត់បន្ថយការប្រើប្រាស់ក្នុងចំណោមអតិថិជនអាមេរិកមួយចំនួន និងធ្វើឲ្យទំនិញរបស់ថៃ មានការថយចុះ ដោយសារដៃគូប្រជែងផ្សេងទៀត៕