យោងតាមទិន្ន័យបឋមទទួលបានពីស្ថាប័នស្រាវជ្រាវ New Automotive បានបង្ហាញឲ្យដឹងថា ការលក់រថយន្តថ្មីៗរបស់ក្រុមហ៊ុន Tesla នៅចក្រភពអង់គ្លេស បានបន្តធ្លាក់ចុះអស់ជាង ៤៥% ក្នុងខែឧសភា បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពូលរបស់អាមេរិកមួយនេះ បានបាត់បង់ចំណែកទីផ្សាររបស់ខ្លួន នៅក្នុងប្រទេសនេះយ៉ាងខ្លាំង បន្ទាប់ពីនាយកប្រតិបត្តិលោក Elon Musk ធ្វើសកម្មភាពពាក់ព័ន្ធទៅនយោបាយស្តាំនិយម នៅអឺរ៉ុប។
យោងតាម New Automotive បានរាយការណ៍ថា នៅក្នុងខែឧសភា Tesla លក់ចេញរថយន្តរបស់ខ្លួនសរុបចំនួន ១ ៧៥៨ គ្រឿង នៅក្នុងប្រទេសអង់គ្លេស ពោលគឺបានធ្លាក់ចុះពីចំនួន ៣ ២៤៤ គ្រឿង បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន។ តែទោះជាយ៉ាងណាក៏ដោយ Tesla នៅតែបន្តជាក្រុមហ៊ុនរថយន្តអគ្គិសនីដែលក់ដាច់បំផុត នៅអង់គ្លេស នៅក្នុងឆ្នាំនេះ។
ជម្រាបជូនផងដែរថា ការចុះបញ្ជីរថយន្តថ្មីៗសរុបនៅក្នុងចក្រភពអង់គ្លេសបានកើនឡើង ៤,៣% ដល់ចំនួន ១៤៤ ០៩៨ គ្រឿង ក្នុងខែឧសភា ក្នុងនោះរថយន្តអគ្គិសនី មានការកើនឡើង ២៨% ធៀបទៅនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមក្រុមហ៊ុនគូប្រជែងចិន BYD បានបង្កើនការលក់រថយន្តថ្មីៗរបស់ខ្លួនទ្វេដងនៅចក្រភពអង់គ្លេស ដល់ចំនួន ១ ៣៨៨ គ្រឿង កាលពីខែមុន៕