យោងតាមកងទ័ពអាកាសអាមេរិក បាននិយាយថា តម្លៃនៃការកែកុនយន្តហោះដែលជាអំណោយរបស់ប្រទេសកាតា ទៅជា Air Force One សម្រាប់ដឹកនាំប្រធានាធិបតីអាមេរិកនោះ អាចនឹងត្រូវចំណាយទឹកប្រាក់អស់ប្រហែល ៤០០លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
រដ្ឋមន្ត្រីកងទ័ពអាកាសអាមេរិក លោក Troy Meink បាននិយាយប្រាប់ទៅកាន់គណៈកម្មាធិការសេវាកម្មសព្វាវុធរបស់សភា កាលពីថ្ងៃទី៥ ខែមិថុនាថា ៖”កន្លងមកមានតួលេខជាច្រើន ត្រូវបានលើកឡើង ពាក់ព័ន្ធទៅនឹងការកែកុនទៅជាយន្តហោះ Air Force One ដែលតួលេខខ្លះមានរហូតដល់មួយពាន់លានដុល្លារឯណោះ។ តែទោះជាយ៉ាងណាក៏ដោយ ការបំប្លែងយន្តហោះនោះ ប្រហែលជាចំណាយតិចជាង ៤០០លានដុល្លារ ប៉ុណ្ណោះ” ។
រំឭកផងដែរថា ប្រទេសកាតាបានប្រគល់ជូនយន្តហោះ Boeing 747-8 ដ៏ប្រណីតបំផុតមួយ ដែលត្រូវបានគេដាក់ឈ្មោះថា “វិមានលើអាកាស” ទៅឲ្យរដ្ឋបាលរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក ទៅកាន់តំបន់មជ្ឈិមបូព៌ា។ ហើយនៅថ្ងៃទី២១ ខែឧសភាកន្លងទៅ មន្ទីរបញ្ចកោណបានប្រកាសថា រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth បានទទួលយកយន្តហោះពីប្រទេសកាតា ដោយស្របច្បាប់ ហើយកំពុងរៀបចំកែកុនឲ្យក្លាយទៅជា Air Force One សម្រាប់ដឹកប្រធានាធិបតី។
យ៉ាងណាមិញ យោងតាមអ្នកជំនាញ បាននិយាយថា ដំណើរការនៃការបំប្លែងយន្តហោះ Boeing 747-8 ឲ្យក្លាយទៅជា Air Force One គឺពិបាក និងមានតម្លៃថ្លៃ ដោយសារតែតម្រូវការសម្រាប់បច្ចេកវិទ្យាការពារ និងទំនាក់ទំនងកម្រិតខ្ពស់។ ជាមួយគ្នាននេះ សមាជិកសភាមកពីបក្សប្រជាធិបតេយ្យ បានប៉ាន់ប្រមាណថាការចំណាយលើការកែកុនយន្តហោះនេះ អាចកើនឡើងដល់ ១ពាន់លានដុល្លារ ដោយវានឹងធ្វើឲ្យមានការខ្ជះខ្ជាយដល់ថវិកាជាតិ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ បើតាមលោក Meink បានពន្យល់ថា តួលេខ ១ពាន់លានដុល្លារ ដែលអ្នកជំនាញជាច្រើនលើកឡើងនេះ អាចនឹងបូករួមទាំងប្រតិបត្តិការយន្តហោះ ការហ្វឹកហាត់ និងការថែទាំ តែបើនិយាយដល់ដំណើរការនៃការកែកុនយន្តហោះនោះ គឺមិនមានមានតម្លៃថ្លៃដល់ថ្នាក់ហ្នឹងនោះឡើយ៕