យោងតាមទិន្នន័យផ្លូវការរបស់ធនាគារកណ្តាលចិន (PBOC) បានបង្ហាញឲ្យដឹងកាលពីពេលថ្មីៗនេះ ថាខ្លួនបានបង្កើនការទិញចូលមាសសម្រាប់ទុកជាទុនបម្រុងរបស់ខ្លួន សម្រាប់រយ:ពេល ៧ខែជាប់ៗ គិតនៅត្រឹមខែឧសភា ដែលកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីធ្វើពិពិធកម្មទុនបំរុងរូបិយប័ណ្ណបរទេស ខណ:ពេលដែលភាពមិនប្រាកដប្រជាជាសកល កំពុងជំរុញឲ្យមានតម្រូវការទ្រព្យសម្បត្តិដែលមានសុវត្ថិភាពខ្ពស់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។
យោងតាមតួលេខចុងក្រោយរបស់ធនាគារប្រជាជនចិន (PBOC) បង្ហាញឲ្យដឹងថា នៅក្នុងខែឧសភា តែមួយ ខ្លួនបានបង្កើនការទិញចូលមាសដល់ជិត ២តោន ដែលធ្វើឲ្យទុនបម្រុងមាសសរុប កើនឡើងដល់ជាង ២,៣ពាន់តោន។
យ៉ាងណាមិញ បើទោះបីជាមានការកើនឡើងនៃបរិមាណកាលពីខែមុនក៏ដោយ ប៉ុន្តែសម្រាប់តម្លៃទុនបម្រុងមាសសរុបរបស់ចិន បានធ្លាក់ចុះមកនៅត្រឹមប្រមាណ ២៤១,៩ពាន់លានដុល្លារ បើធៀបទៅនឹងតម្លៃ ២៤៣,៥ពាន់លានដុល្លារ គិតនៅត្រឹមចុងខែមេសា។
តែទោះជាយ៉ាងណាក៏ដោយ យោងតាមមន្ត្រីនៅ PBOC ហាក់មិនបាននិយាយជាសាធារណៈអំពីអ្វីដែលជំរុញឲ្យការទិញចូលមាសសម្រាប់ទុកជាទុនបម្រុងកាន់តែច្រើនឡើងៗ បែបនេះនោះទេ។ នៅឆ្នាំ២០២៤ PBOC បានផ្អាកការទិញមាសរបស់ខ្លួនអស់រយៈពេលប្រាំមួយខែ បន្ទាប់ពីការទិញរយៈពេល ១៨ខែជាប់ៗ មុនពេលមានការបន្តទិញចូលមាសឡើងវិញ នៅក្នុងខែវិច្ឆិកា នៅពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឈ្នះការបោះឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក។
ជម្រាបជូនផងដែរថា តម្លៃមាសសកល បានកើនឡើងដល់កម្រិតកំណត់ត្រាជាប់ៗគ្នា នៅឆ្នាំនេះ ដែលត្រូវបានគេមើលឃើញថា គាំទ្រដោយការទិញចូលមាសរបស់ធនាគារកណ្តាលនានា លើពិភពលោក ក្នុងគោលបំណងធ្វើចម្រុះកម្មលើការកាន់កាប់ទុនបម្រុងរបស់ខ្លួនចេញឆ្ងាយពីប្រាក់ដុល្លារអាមេរិក៕