ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រា បាននិយាយកាលពីថ្ងៃទី៩ ខែមិថុនាថា លោកមិនមានគម្រោងក្នុងការផ្តាច់សេវាកម្ម Starlink នៅសេតវិមាននោះឡើយ ប៉ុន្តែអាចនឹងឈប់ប្រើរថយន្តរបស់ Tesla បន្ទាប់ពីមានការប្រកាសកាលពីចុងសប្តាហ៍មុនថា ទំនាក់ទំនងស្អិតរមួតរវាងលោក ជាមួយមហាសេដ្ឋី Elon Musk ត្រូវបញ្ចប់ហើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
លោក ត្រាំ បាននិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មាន ពាក់ព័ន្ធទៅនឹងសេវាកម្មអ៊ីនធឺណិតល្បឿនលឿន Starlink ដែលកំពុងប្រើប្រាស់នៅក្នុងសេតវិមានថា ៖” ខ្ញុំប្រហែលជាអាចប្រែចិត្តជាមួយ Tesla បន្តិច ប៉ុន្តែខ្ញុំមិនគិតថានឹងធ្វើបែបនោះជាមួយ Starlink នោះទេ។ វាជាសេវាកម្មអ៊ីនធឺណិតដ៏ល្អ”។
គួរឲ្យដឹងផងដែរថា Starlink គឺជាសេវាកម្មផ្តល់អ៊ីនធឺណិតតាមរយ:ផ្កាយរណប ស្ថិតនៅក្រោមការគ្រប់គ្រងដោយក្រុមហ៊ុនអវកាស SpaceX របស់មហាសេដ្ឋី Elon Musk។
កាលពីសប្តាហ៍មុន ជម្លោះដ៏ក្តៅគគុករវាងប្រធានាធិបតអាមេរិក និងលោក ត្រាំ បានកើតឡើង បន្ទាប់ពីថៅកែក្រុមហ៊ុន Tesla បានចេញមុខរិះគន់ធ្ងន់ៗទៅលើផែនការចំណាយដ៏ច្រើនរបស់រដ្ឋបាលលោក ត្រាំ។ ក្រោយមកសង្គ្រាមពាក្យសម្តីរវាងអតីតសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធទាំងពីរបានផ្ទុះឡើង តាមរយ:ការបង្ហោះសារវាយប្រហារគ្នាទៅវិញទៅមក នៅលើបណ្តាញសង្គម។
ជម្រាបជូនផងដែរថា លោក ត្រាំ បាននិយាយថា រថយន្ត Tesla Model S ពណ៌ក្រហមដែលលោកបានទិញពីមហាសេដ្ឋី Elon Musk កាលពីខែមីនា នោះ លោកគ្រោងនឹងលក់វាចេញវិញ បន្ទាប់ពីមានជម្លោះជាសាធារណៈបានផ្ទុះឡើងរវាងបុគ្គលដ៏មានឥទ្ធិពលទាំងពីររូបនេះ៕