យោងតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Howard Lutnick បាននិយាយថា អត្រាពន្ធគយនាំចូលរបស់សហរដ្ឋអាមេរិក លើប្រទេសចិននាពេលបច្ចុប្បន្ននេះ នឹងមិនមានការផ្លាស់ប្តូរនោះឡើយ បន្ទាប់ពីប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ ជួបចរចាគ្នាអស់រយ:ពេល ២ថ្ងៃកន្លងមកនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
នៅក្នុងបទសម្ភាសជាមួយស្ថានីយទូរទស្សន៍ CNBC កាលពីថ្ងៃទី១១ ខែមិថុនា លោក Lutnick បានបញ្ជាក់យ៉ាងច្បាស់ថាអត្រាពន្ធគយនាំចូលរបស់សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន លើប្រទេសចិន នៅនៅតែរក្សានៅកម្រិតដដែល។
ជាមួយគ្នានេះ នៅក្នុងការបង្ហោះសារមួយលើបណ្តាញសង្គម Truth Social ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ពន្ធ នាំចូលបច្ចុប្បន្នលើទំនិញរបស់ប្រទេសចិនគឺ ៥៥% ។ តែទោះជាយ៉ាងណាក៏ដោយ មន្ត្រីសេតវិមានម្នាក់ បានពន្យល់ប្រាប់ទៅកាន់សារព័ត៌មាន CNBC ថា នេះមិនមែនជាតួលេខថ្មីនោះឡើយ ដោយពន្ធគយរួមមានអត្រាទូទៅ ៣០% លើទំនិញចិនទាំងអស់ ដូចដែលបានព្រមព្រៀងគ្នា នៅទីក្រុងហ្សឺណែវ កាលពីដើមខែនេះ។ ហើយចំពោះផលិតផលមួយចំនួនផ្សេងទៀត ត្រូវបង់ពន្ធ ២៥% ដាច់ដោយឡែកដែលជាអត្រាពន្ធត្រូវបានដាក់ពីមុន។
មិនតែប៉ុណ្ណោះ លោក Lutnick ក៏បានលើកឡើងពីលទ្ធផលគួរឲ្យកត់សម្គាល់ផងដែរ នៃកិច្ចពិភាក្សានៅឯទីក្រុងឡុងដ៍ ចក្រភអង់ក្លេស ក្នុងសប្តាហ៍នេះ ដោយភាគីទាំងពីរ បានបន្តអនុវត្តបទបញ្ជាកាត់បន្ថយការកើនឡើងនៃភាពតានតឹងនៃពាណិជ្ជកម្មរវាងគ្នាបន្ថែមទៀត ជាពិសេសទាក់ទងទៅនឹងធានធានរ៉ែកម្រ។
ជម្រាបជូនផងដែរថា ភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនបានធូរស្រាល បន្ទាប់ពីប្រទេសទាំងពីរ បានឈានដល់កិច្ចព្រមព្រៀងក្របខ័ណ្ឌមួយ ក្នុងទីក្រុងឡុងដ៍ កាលពីដើមសប្តាហ៍នេះ ដែលនឹងឃើញប្រទេសទាំងពីរដកការរឹតបន្តឹងការនាំចេញថ្មីៗមួយចំនួន ដោយបន្ថែមពីលើការកាត់បន្ថយពន្ធនាំចូលដ៏ច្រើនរវាងគ្នា ដែលបានព្រមព្រៀង នៅទីក្រុងហ្សឺណែវ កាលពីខែមុន៕