លោក ត្រាំ​ គំរាមប្រើប្រាស់កម្លាំងយោធាសងសឹកទ្រង់ទ្រាយធំ បើអ៊ីរ៉ង់ហ៊ានវាយប្រហារអាមេរិក

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានចំៗថា សហរដ្ឋអាមេរិកនឹងឆ្លើយតបដោយការប្រើប្រាស់កងកម្លាំងយោធាពេញលេញ ប្រសិនបើអ៊ឺរ៉ងហ៊ានបើកការវាយប្រហារតាមមធ្យោបាយណាមួយ លើកងទ័ពអាមេរិក ដែលកំពុងឈរជើងនៅក្នុងតំបន់មជ្ឈិមបូព៌ានោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយនិយាយទៅកាន់បណ្តាញសង្គម Truth Social កាលពីថ្ងៃទី១៤ ខែមិថុនា លោក ត្រាំ បានអះអាងថា ៖” សហរដ្ឋអាមេរិក មិនបានជាប់ពាក់ព័ន្ធជាមួយនឹងការវាយប្រហារ លើប្រទេសអ៊ីរ៉ង់ កាលពីយប់មិញនោះទេ។ ហើយប្រសិនបើសហរដ្ឋអាមេរិកត្រូវបានវាយប្រហារវិញដោយអ៊ីរ៉ង់ តាមមធ្យោបាយណាមួយនោះ ពួកគេនឹងត្រូវប្រឈមមុខនឹងកងកម្លាំងយោធារបស់សហរដ្ឋអាមេរិក ក្នុងកម្រិតមួយដែលមិនធ្លាប់មានពីមុន”។

ទោះជាយ៉ាងណាក៏ដោយ លោក ត្រាំ នៅតែបង្ហាញសុទិដ្ឋិនិយមថា សហរដ្ឋអាមេរិក អាចសម្រេចបានយ៉ាងងាយស្រួលនូវកិច្ចព្រមព្រៀងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ក៏ដូចជាការបញ្ចប់ជម្លោះបង្ហូរឈាមនេះ។

ជម្រាបជូនផងដែរថា ការអត្ថាធិប្បាយរបស់លោក ត្រាំ នេះ​បានកើតឡើង បន្ទាប់ពីអ៊ីស្រាអែលបានបើកយុទ្ធនាការវាយប្រហារតាមផ្លូវអាកាស នៅយប់ថ្ងៃទី១៤ ខែមិថុនា និងព្រឹកព្រលឹមថ្ងៃទី១៥ ខែមិថុនា ប្រឆាំងនឹងគោលដៅចំនួន ១៥០ នៅក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងកន្លែងយោធា ទីតាំងយុទ្ធសាស្ត្រ និងនុយក្លេអ៊ែរ និងថែមទាំងបានសម្លាប់មន្ត្រីជាន់ខ្ពស់មួយចំនួនរបស់ប្រទេសនេះ ផងដែរ៕