សេតវិមាន កំពុងស្នើពិនិត្យមើលឡើងវិញលើកិច្ចសន្យាតម្លៃរាប់ពាន់លានដុល្លារជាមួយ SpaceX

អន្តរជាតិ

សេតវិមាន កាលពីពេលថ្មីៗនេះ បានស្នើឲ្យក្រសួងការពារជាតិ និងអង្គការ NASA ប្រមូលព័ត៌មានលម្អិតមួយចំនួនបន្ថែមទៀត អំពីកិច្ចសន្យាដែលមានតម្លៃរាប់ពាន់លានដុល្លារ ជាមួយក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ បានអះអាងទៀតថា បន្ទាប់ពីមានជម្លោះពាក្យសម្តីដ៏ក្តៅគគុកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរវាងប្រធានាធិបតីលោក ដូណាល់ ត្រាំ និងមហាសេដ្ឋី Elon Musk មក សេតវិមានក៏បានចាប់ផ្តើមបញ្ជាឲ្យក្រសួងការពារជាតិ និងអង្គការ NASA ពិនិត្យមើលឲ្យបានហ្មត់ចត់ លើកិច្ចសន្យាដែលកំពុងមានជាមួយក្រុមហ៊ុន SpaceX។

ទន្ទឹមនឹងនេះ មន្ទីរបញ្ចកោណក៏កំពុងពិចារណាក្នុងការកាត់បន្ថយតួនាទីរបស់ SpaceX ដែលជាក្រុមហ៊ុនអវកាស និងផ្កាយរណបរបស់ Elon Musk នៅក្នុងគម្រោងប្រព័ន្ធខែលការពារកាំជ្រួច “Golden Dome” ដែលអាមេរិកកំពុងមានមហិច្ឆតា ក្នុងការអភិវឌ្ឍ ផងដែរ។

ក្រុមហ៊ុនរបស់លោក Elon Musk មានកិច្ចសន្យាក្នុងតម្លៃប្រហែល ២២ពាន់លានដុល្លារ ជាមួយភ្នាក់ងាររដ្ឋាភិបាលសហរដ្ឋអាមេរិក។ ប៉ុន្តែយ៉ាងណាក៏ដោយ វានៅមិនទាន់ត្រូវបានគេដឹងច្បាស់លាស់ថាតើសេតវិមាន មានបំណងលុបចោលកិច្ចសន្យាណាមួយនោះទេ ប៉ុន្តែការពិនិត្យឡើងវិញបង្ហាញថាជម្លោះរវាងលោក ត្រាំ និងលោក Musk ហាក់កំពុងត្រូវបាន​ផ្សះផ្សារ។

ជម្រាបជូនផងដែរថា ក្នុងរយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះ SpaceX របស់លោក Musk បានក្លាយជាដៃគូដែលមិនអាចខ្វះបានរបស់រដ្ឋាភិបាលអាមេរិក ក្នុងវិស័យអវកាស និងវិស័យការពារជាតិជាច្រើន ចាប់តាំងពីការបាញ់បង្ហោះផ្កាយរណប ការដឹកជញ្ជូនទំនិញទៅកាន់ទីអវកាស រហូតដល់សមត្ថភាពក្នុងការចូលរួមក្នុងផ្នែកសំខាន់មួយ នៅក្នុងគម្រោងប្រព័ន្ធការពារកាំជ្រួច “Golden Dome” ដែលស្នើឡើងដោយលោក ត្រាំ ថែមទៀតផង៕