គណបក្សប្រឆាំងធំៗរបស់ថៃ កំពុងអំពាវនាវឲ្យនាយករដ្ឋមន្ត្រី ចុះចេញពីតំណែង

អន្តរជាតិ

គណបក្ស Palang Pracharath ដែលជាគណបក្សគាំទ្រដោយយោធារបស់ប្រទេសថៃ បានអំពាវនាវឲ្យលោកស្រី Paetongtarn Shinawatra ចុះចេញពីតំណែងជានាយករដ្ឋមន្ត្រី បន្ទាប់ពីមានការបែកធ្លាយកិច្ច​សន្ទនា​តាមទូរស័ព្ទរវាងលោកស្រី និងអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



គណបក្ស Palang Pracharath ដែលដឹកនាំដោយអតីតមេទ័ពខ្លាំងរបស់ថៃ លោក Prawit Wongsuwan នៅថ្ងៃទី១៩ ខែមិថុនានេះ បានអំពាវនាវលោកស្រី Paetongtarn Shinawatra លាលែងពីតំណែង បន្ទាប់ពីខ្លឹមសារមួយចំនួននៃកិច្ចសន្ទនាតាមរយ:ទូរស័ព្ទរវាងលោកស្រី និងប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន ត្រូវបានបែកធ្លាយ កាលពីពេលថ្មីៗនេះ។

គណបក្សនេះ បាននិយាយទៀតថា អ្វីដែលលោកស្រី Paetongtarn បាននិយាយនៅក្នុងការហៅទូរស័ព្ទខាងលើ គឺជាការបង្ហាញពីកង្វះបទពិសោធ និងសមត្ថភាព ក្នុងការដោះស្រាយបញ្ហាសន្តិសុខរបស់ប្រទេស នឹងថែមទាំងបានព្រមានទៀតថា វាអាចនាំប្រទេសទៅកាន់ស្ថានភាពកាន់តែអាក្រក់ និងទន់ខ្សោយ។

គួរឲ្យដឹងថា លោក Prawit ធ្លាប់បានបម្រើការជាមេបញ្ជាការកងទ័ពថៃ នៅដើមទសវត្សឆ្នាំ២០០០។ ហើយលោក ក៏ត្រូវបានគេចាត់ទុកថាជាមនុស្សម្នាក់ក្នុងចំណោមមនុស្សផ្សេងទៀត ដែលនៅពីក្រោយការធ្វើរដ្ឋប្រហារឆ្នាំ២០១៤ ដែលបានទម្លាក់អតីតនាយករដ្ឋមន្ត្រី លោកស្រី Yingluck Shinawatra ដែលជាម្តាយមីងរបស់លោកស្រី Paetongtarn ។

ក្រោយមកលោក Prawit បានងាកមកដឹកនាំ Palang Pracharath ដែលជាប្រឆាំងដ៏ធំបំផុតមួយ ហើយថែមទាំងបានធ្វើឲ្យលោកក្លាយជាឥស្សរជនដ៏មានឥទ្ធិពលបំផុតមួយក្នុងប្រទេស ផងដែរ ដោយសារតែមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់យោធា។

ទន្ទឹមនឹងនេះ គណបក្សប្រឆាំងមួយទៀត គឺ Thai Sang Thai ក៏បានអំពាវនាវឲ្យលោកស្រី Paethongtarn លាលែងពីតំណែងផងដែរ ដោយនិយាយថា ការហៅទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យខូចដល់យោធា និងអធិបតេយ្យភាពរបស់ប្រទេស។

ដោយឡែក លោក Natthaphong Ruengpanyawut ប្រធានគណបក្សប្រជាជន ក៏បានអំពាវនាវឲ្យលោកស្រី Paethongtarn ធ្វើការរំលាយសភា ដើម្បីប្រគល់អំណាចជូនប្រជាពលរដ្ឋ និងទប់ស្កាត់ក្រុមមួយចំនួនពីការទាញយកផលប្រយោជន៍ពីកំហុសរបស់នាយករដ្ឋមន្ត្រី ដែលអាចធ្វើឲ្យខូចដល់ស្ថាប័នប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរ៕