នៅត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចាប់ផ្តើមបើកឲ្យចុះឈ្មោះទិញប័ណ្ណមាសតម្លៃ ៥លានដុល្លារ មានមនុស្សរហូតដល់ទៅជិត ៧០ ០០០ នាក់ជុំវិញពិភពលោក នាំគ្នាចុះឈ្មោះដើម្បីទិញយកទិដ្ឋាការប្រភេទថ្មីនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes។
រដ្ឋបាលរបស់លោក ត្រាំ កាលពីថ្ងៃទី១១ ខែមិថុនា បានបើកដំណើរការគេហទំព័រមួយ ដើម្បីទទួលចុះឈ្មោះសម្រាប់អ្នកដែលចង់ទិញយកប័ណ្ណមាស ឬត្រូវបានគេស្គាល់ថាជា “Trump Card” មានតម្លៃ ៥លានដុល្លារ ដែលនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជាសិទ្ធិស្នាក់នៅ និងសិទ្ធិធ្វើការងារស្របច្បាប់ នៅក្នុងទឹកដីសហរដ្ឋអាមេរិក ជាដើម។
យ៉ាងណាមិញ បើតាមរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បានបង្ហាញឲ្យដឹងកាលពីពេលថ្មីៗនេះ ប័ណ្ណមាស ឬ “Trump Card” នេះ បានទាក់ទាញអ្នកចុះឈ្មោះសុំទិញប្រមាណជិត ៧ម៉ឺននាក់ ក្នុងរយ:ពេលត្រឹមតែពីរ បីថ្ងៃប៉ុណ្ណោះ។
គួរឲ្យដឹងថា ប័ណ្ណមាសនេះ គឺមិនដូចទៅប្រភេទទិដ្ឋាការ EB-5 មានស្រាប់ ដែលទាមទារឲ្យមានការវិនិយោគចាប់ពី ៨សែនដុល្លារ ទៅ ១លានដុល្លារ នៅក្នុងសហរដ្ឋអាមេរិកនោះឡើយ ដោយ Trump Golden Card នេះ មានភាពសាមញ្ញជាង ដោយអ្នកទិញគ្រាន់តែចំណាយត្រឹមតែ ៥លានដុល្លារដោយផ្ទាល់ទៅរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីទទួលបានការស្នាក់នៅអចិន្ត្រៃយ៍ភ្លាមៗ។
ជម្រាបជូនផងដែរថា ប្រធានាធិបតី លោក ត្រាំ ធ្លាប់បានលើកឡើងថា ប័ណ្ណមាសនេះ គឺវិធីដ៏ល្អបំផុតមួយដើម្បីចូលមកកាន់ប្រទេស និងទីផ្សារដ៏អស្ចារ្យបំផុត នៅក្នុងពិភពលោក ដែលត្រូវបានស្គាល់ថាជា សហរដ្ឋអាមេរិក៕