សហរដ្ឋអាមេរិក កើនចំនួនសេដ្ឋីជាង ១ ០០០ នាក់ ជារៀងរាល់ថ្ងៃ

អន្តរជាតិ

យោងតាមធនាគារ​ UBS របស់ប្រទេសស្វីស បានបង្ហាញឲ្យដឹងថា សហរដ្ឋអាមេរិក បានបន្ថែមចំនួនសេដ្ឋីជាង ៣៧៩ ០០០ នាក់ កាលពីឆ្នាំមុន បន្ទាប់ពីត្រូវបានជំរុញដោយប្រាក់ដុល្លារមានស្ថិរភាព និងទីផ្សារហ៊ុនកំពុងកើនឡើង។ នេះបើតាមការចុះផ្សាយពីសារត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការកើនឡើងដ៏គួរឲ្យកត់សម្គាល់នេះ​ មានន័យថាសហរដ្ឋអាមេរិក ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតរបស់ពិភពលោក បានបង្កើនចំនួនមហាសេដ្ឋីថ្មីៗច្រើនជាង ១ ០០០ នាក់ ជារៀងរាល់ថ្ងៃ ខណ:ពេលដែលប្រទេសចិន បានបន្ថែមមហាសេដ្ឋីថ្មីៗរបស់ខ្លួនប្រមាណ ៣៨០ នាក់ កាលពីឆ្នាំមុន។

បើតាមរបាយការណ៍ពី UBS បានបន្ថែមឲ្យដឹងទៀតថា នៅក្នុងឆ្នាំ២០២៤ ពិភពលោក បានមើលឃើញពីការកើនឡើងចំនួនមហាសេដ្ឋីសរុបដល់ជាង ៦៨០ ០០០​​ នាក់។ សហរដ្ឋអាមេរិក នៅតែជាប្រទេសដែលមានចំនួនមហាសេដ្ឋីច្រើនជាងគេនៅលើពិភពលោក ដោយប្រហែល ៤០% នៃមហាសេដ្ឋីលើពិភពលោកក្នុងពេលឥឡូវនេះ គឺស្ថិតនៅក្នុងសហរដ្ឋអាមេរិក។

គួរជម្រាបជូនផងដែរថា បើតាម UBS បានព្យាករថា ចំនួនមហាសេដ្ឋីនៅក្នុងប្រទេសសេដ្ឋកិច្ចធំៗទាំង ៥៦ ដែលខ្លួនកំពុងតាមដាន នឹងបន្តកើនឡើង។ នៅឆ្នាំ២០២៩ ពិភពលោក អាចនឹងបង្កើនចំនួនមហាសេដ្ឋី ៥,៣៤ លាននាក់បន្ថែមទៀត ពោលគឺកើនឡើង ៩% បើធៀបទៅនឹងឆ្នាំ២០២៤ ៕