សហភាពអឺរ៉ុប កាលពីពេលថ្មីៗនេះ បានបោះឆ្នោតអនុម័តការហាមឃាត់ទាំងស្រុងចំពោះការនាំចូលឧស្ម័នពីប្រទេសរុស្ស៊ី ចាប់ពីចុងឆ្នាំ២០២៧ តទៅ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់ផ្តាច់ប្រភពចំណូលរបស់ទីក្រុងមូស្គូ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញផែនការហាមឃាត់ទាំងស្រុងលើការនាំចូលឧស្ម័នរុស្ស៊ីនេះ ត្រូវបានអនុម័ត នៅថ្ងៃទី១៨ ខែធ្នូ ដោយសមាជិកសភាអឺរ៉ុបនៅក្នុងសម័យប្រជុំពេញអង្គមួយនៅទីក្រុង Strasbourg ប្រទេសបារាំង ដោយមានសំឡេងគាំទ្រ ៥០០ សំឡេង ប្រឆាំង ១២០ សំឡេង និងអនុប្បវាទ ៣២ សំឡេង។
ទន្ទឹមនឹងនេះ លោក Ville Niinisto សមាជិកសភាហ្វាំងឡង់ និងជាតំណាងរាស្ត្រម្នាក់ដែលបានគាំទ្រការហាមឃាត់នេះ បាននិយាយថា៖”រុស្ស៊ីនឹងមិនអាចប្រើប្រាស់ឥន្ធនៈហ្វូស៊ីលជាអាវុធប្រឆាំងនឹងអឺរ៉ុបបានទៀតទេ”។
គួរឲ្យដឹងផងដែរថា នៅក្រោយការហាមឃាត់នេះ សហភាពអឺរ៉ុប នឹងបញ្ចប់កិច្ចសន្យាបំពង់បង្ហូរឧស្ម័នរយៈពេលវែងជាមួយរុស្ស៊ី ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៧ ដោយស្ថិតនៅក្រោមការធានាបម្រុង ប៉ុន្តែមិនលើសពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៧ នោះឡើយ។
ជម្រាបជូនផងដែរថា គិតត្រឹមខែតុលា ឆ្នាំនេះ រុស្ស៊ីមានចំនួន ១២% នៃការនាំចូលឧស្ម័នសរុបរបស់សហភាពអឺរ៉ុប ធ្លាក់ចុះពី ៤៥% មុនពេលជម្លោះអ៊ុយក្រែនផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ប្រទេសហុងគ្រី បារាំង និងបែលហ្ស៊ិក ស្ថិតក្នុងចំណោមប្រទេសដែលនៅតែទទួលបានការផ្គត់ផ្គង់នេះច្រើនជាងគេ៕

