Barron Trump ដែលជាកូនប្រុសពៅរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្លាស់ទៅរស់នៅក្នុងសេតវិមាន ដើម្បីចាប់ផ្តើមសិក្សាឆ្នាំទី២ របស់គេ នៅសាកលវិទ្យាល័យ New York។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន New York Post។

Barron ដែលបច្ចុប្បន្នមានវ័យ ១៩ឆ្នាំ បានផ្លាស់ទៅរស់នៅជាមួយឪពុកម្តាយរបស់គេ នៅសេតវិមាន ហើយកំពុងចាប់ផ្តើមឆ្នាំសិក្សាទីពីររបស់ខ្លួន នៅសាកលវិទ្យាល័យ New York ដែលទទួលយកសិក្សាអតិបរមា ត្រឹមតែ ១២០ នាក់ ប៉ុណ្ណោះ ក្នុងមួយឆមាស សម្រាប់មុខវិជ្ជាផ្តោតសំខាន់ដូចជា នយោបាយ ប្រវត្តិសាស្រ្ត សេដ្ឋកិច្ច និងសារព័ត៌មាន ។
គួរឲ្យដឹងផងដែរថា នៅឆ្នាំសិក្សាដំបូង កូនប្រុសពៅរបស់លោក ត្រាំ រូបនេះ រស់នៅអគារ Trump Tower ក្នុងទីក្រុង Manhattan ទីក្រុងញូវយ៉ក ពោលគឺមានចម្ងាយជិះប្រហែល ២០នាទី ពីសាលារៀន។
យ៉ាងណាមិញ ជំទាវទីមួយ លោកស្រី Melania Trump បានចំណាយពេលភាគច្រើននៅទីក្រុងញូវយ៉ក ដើម្បីបាននៅជិត Barron កំឡុងពេលចូលរៀននៅមហាវិទ្យាល័យ។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានបង្ហាញក្តីរំពឹងថា លោកស្រីនឹងកាន់តែចូលរួមយ៉ាងសកម្មនៅក្នុងអាណត្តិទីពីររបស់ស្វាមីលោកស្រីបន្ថែមទៀត ដោយសារតែឥឡូវនេះកូនប្រុសរបស់លោកស្រី បានផ្លាស់ប្តូរមករស់នៅក្នុងសេតវិមាន ផងដែរ។
ជម្រាបជូនផងដែរថា Barron បានបង្ហាញខ្លួនជាសាធារណៈជាច្រើនដងក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតឆ្នាំ២០២៤ របស់លោក ត្រាំ ប៉ុន្តែរូបគេកម្របានទៅសេតវិមានណាស់ ចាប់តាំងពីឪពុកខ្លួនបានចូលកាន់តំណែងក្នុងខែមករាមក៕

