នៅថ្ងៃខួបនៃការរំដោះពលរដ្ឋស្បែកខ្មៅនៅអាមេរិក ប្រធានាធិបអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាះសារមួយដោយត្អូញត្អែរថាប្រទេសនេះ កំពុងតែខ្ជះខ្ជាយអស់រាប់ពាន់លានដុល្លារ ដោយសារតែមានថ្ងៃឈប់សម្រាកបុណ្យជាតិច្រើនពេក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។
លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់ខ្លួន កាលពីថ្ងៃទី១៩ ខែមិថុនាថា៖”យើងមានថ្ងៃឈប់សម្រាកមិនធ្វើការច្រើនពេក នៅក្នុងសហរដ្ឋអាមេរិក។ ហើយក្នុងពេលឆាប់ៗខាងមុខនេះ រាល់ថ្ងៃធ្វើការ ក៏អាចនឹងក្លាយជាថ្ងៃឈប់សម្រាកផងដែរ។ យើងត្រូវតែផ្លាស់ប្តូរ ប្រសិនបើយើងចង់ឲ្យអាមេរិក ត្រលប់មកអស្ចារ្យម្តងទៀត”។
គួរឲ្យដឹងផងដែរថា ក្នុងអំឡុងពេលឈប់សម្រាកបុណ្យជាតិ បុគ្គលិករដ្ឋាភិបាលសហរដ្ឋអាមេរិក នៅតែទទួលបានប្រាក់ឈ្នួលជាធម្មតានៅពេលឈប់សម្រាក។
យ៉ាងណាមិញ ជុំវិញសាររបស់លោក ត្រាំ នេះ ត្រូវបានបង្ហោះឡើង ស្របពេលជាមួយនឹងការប្រារព្ធពិធី Juneteenth ដែលជាថ្ងៃដើម្បីអបអរសាទរដល់ការរំដោះពលរដ្ឋស្បែកខ្មៅ នៅសហរដ្ឋអាមេរិក ហើយវាត្រូវបានគេទទួលស្គាល់ថាជាថ្ងៃឈប់សម្រាកសហព័ន្ធ ដែលត្រូវអនុម័តដោយអតីតប្រធានាធិបតី លោក ចូ បៃដិន ក្នុងឆ្នាំ២០២១។
ជម្រាបជូនផងដែរថា ក្នុងអំឡុងពេលអាណត្តិបួនឆ្នាំដំបូងក្នុងនាមជាប្រធានាធិបតី លោក ត្រាំ តែងតែប្រារព្ធពីធិ Juneteenth នេះ បើទោះបីជាវានៅមិនទាន់រាប់បញ្ជូលជាថ្ងៃឈប់សម្រាករបស់សហព័ន្ធក៏ដោយ៕