អង្គការ NASA បានផ្តល់កិច្ចសន្យាដល់ក្រុមហ៊ុនអវកាសធំៗ រួមទាំង Blue Origin របស់មហាសេដ្ឋី Jeff Bezos និង Astrolab ដើម្បីបញ្ជូនយានចុះចត យានរុករក និងយន្តហោះគ្មានមនុស្សបើក ដើម្បីគាំទ្រដល់បេសកកម្មរុករកឋានព្រះចន្ទនាពេលខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ទីភ្នាក់ងារអវកាសសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃទី២៦ ឧសភាថា ខ្លួនបានផ្តល់ជំនួយចំនួន ២១៩លានដុល្លារដល់ក្រុមហ៊ុន Astrolab និង ២២០ លានដុល្លារ ដល់ក្រុមហ៊ុន Lunar Outpost ដើម្បីសាងសង់ និងដឹកជញ្ជូនយានចុះចតនៅឋានព្រះចន្ទ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Blue Origin ក៏ត្រូវបានជូនផ្តល់កិច្ចសន្យាតម្លៃ ១៨៨លានដុល្លារ ផងដែរ ដើម្បីដឹកជញ្ជូនយានរុករកទៅកាន់ផ្ទៃឋានព្រះចន្ទ ដោយប្រើប្រាស់យានដឹកជញ្ជូនរបស់ពួកគេគឺ Mark 1។
កិច្ចសន្យាទាំងនេះគឺជាផ្នែកមួយនៃកម្មវិធី Artemis ដ៏ទូលំទូលាយរបស់អង្គការ NASA ដែលមានគោលបំណងពង្រីកឥទ្ធិពលរបស់មនុស្សជាតិ នៅក្នុងលំហ និងគាំទ្រដល់ការរុករកលំហអាកាសកាន់តែជ្រៅ នាពេលអនាគត។
ទីភ្នាក់ងារនេះបាននិយាយថា ខ្លួនក៏បានជ្រើសរើសក្រុមហ៊ុន Firefly Aerospace ដើម្បីសាងសង់យានអវកាសដែលនឹងដឹកជញ្ជូនយន្តហោះគ្មានមនុស្សបើកពីគន្លងផែនដីទៅកាន់ឋានព្រះចន្ទសម្រាប់បេសកកម្ម MoonFall របស់ខ្លួន ដែលត្រូវបានកំណត់គោលដៅបាញ់បង្ហោះ នៅឆ្នាំ២០២៨។
គួរជម្រាបជូនថា បេសកកម្ម Artemis លើកទីពីររបស់ NASA បានចាប់ផ្តើម នៅក្នុងខែមេសា ដោយបញ្ជូនអវកាសយានិកចំនួនបួននាក់ហោះជុំវិញឋានព្រះចន្ទ និងត្រឡប់មកវិញ ដែលត្រូវបានចាត់ទុកថាជាបេសកកម្មទៅឋានព្រះចន្ទដំបូងបំផុតដែលមានមនុស្សបើក គិតចាប់តាំងពីឆ្នាំ១៩៧២ មក៕

