តម្លៃប្រេងឆៅហក់ឡើងខ្ពស់កប់ពពក ក្រោយអាមេរិកវាយប្រហារអ៊ីរ៉ង់

អន្តរជាតិ

តម្លៃប្រេងឆៅ បានកើនឡើងយ៉ាងខ្លាំង គិតនៅត្រឹមថ្ងៃចន្ទនេះ ពោលគឺដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយ:ពេល ៥ខែចុងក្រោយ បន្ទាប់ពីមានការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក ទៅលើរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលបាន​បង្ក​ឲ្យមានការព្រួយបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់ប្រេងឆៅក្នុងប្រទេសអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព



តម្លៃប្រេងឆៅនាពេលអនាគត ប្រភេទ Brent បានកើនឡើង ១,៥២ដុល្លារ ឬ ១,៩៧% ដល់តម្លៃ ៧៨,៥៣ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមថ្ងៃចន្ទ ទី២៣ ខែមិថុនានេះ។ ចំណែកឯប្រេងឆៅអាមេរិក ប្រភេទ West Texas Intermediate បានឡើងថ្លៃ ១,៥១ដុល្លារ ឬ ២,០៤% ដល់តម្លៃ ៧៥,៣៥ដុល្លារក្នុងមួយបារ៉ែល។

គួរឲ្យដឹងថា តម្លៃប្រេងឆៅទាំងពីរប្រភេទនេះ បានកើនឡើងរហូតដល់ជាង ៣% នៅក្នុងវគ្គជួញដូរមុន រហូតដល់តម្លៃ ៨១,៤០ដុល្លារ ក្នុងមួយធុងបារ៉ែល និង ៧៨,៤០ដុល្លារ ក្នុងមួយធុងបារ៉ែល ដែលជាការហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន រយ:ពេល ៥ខែចុងក្រោយ មុនពេលវាធ្លាក់ចុះវិញបន្តិច។

យ៉ាងណាមិញ ជុំវិញតម្លៃប្រេងឆៅនេះបានកើនឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកបានបំផ្លាញទីតាំងផលិតនុយក្លេអ៊ែរសំខាន់ៗរបស់អ៊ីរ៉ង់ នៅក្នុងការវាយប្រហារតាមរយ:ផ្លូវអាកាសទ្រង់ទ្រាយធំ កាលពីចុងសប្តាហ៍មុន ដែលធ្វើឲ្យភាព​តានតឹង​ នៅ​ក្នុងតំបន់មជ្ឈិមបូព៌ា កាន់តែឡើងកម្តៅខ្លាំងឡើង។

ជម្រាបជូនថា បច្ចុប្បន្ន អ៊ីរ៉ង់​ជា​ប្រទេស​ផលិត​ប្រេង​ធំ​ជាង​គេ​លំដាប់ទី​បី​ នៅ​ក្នុង​អង្គការ​ប្រទេស​នាំ​ចេញ​ប្រេង (OPEC)។ ដូច្នេះ វិធានការរបស់អាមេរិក បានបង្កើនជាការព្រួយបារម្ភយ៉ាងខ្លាំងថា អ៊ីរ៉ង់នឹងសងសឹកវិញ ដោយការបិទច្រកសមុទ្រ Hormuz ដែលផ្លូវដឹកជញ្ជូនប្រេងឆៅដ៏សំខាន់បំផុត ដោយក្នុងនោះប្រហែល ២០% នៃការផ្គត់ផ្គង់ប្រេងឆៅពិភពលោកត្រូវបានដឹកជញ្ជូនតាមរយ:ផ្លូវនេះ៕