ចំនួនអ្នកទិញផ្ទះជាជនជាតិចិននៅសហរដ្ឋអាមេរិក ក្នុងរយៈពេល ១២ខែចុងក្រោយដែលបញ្ចប់ទៅនៅក្នុងខែមីនា បានធ្លាក់ចុះអស់ ៣៧% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំមុន ខណៈចំណាត់ថ្នាក់របស់ពួកគេ បានធ្លាក់មកឈរពីក្រោយប្រទេសកាណាដា និងម៉ិកស៊ិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

យោងតាមការស្ទង់មតិប្រចាំឆ្នាំរបស់សមាគមជាតិនៃភ្នាក់ងារអចលនទ្រព្យ (NAR) បានបង្ហាញឲ្យដឹងថា ជនបរទេសបានទិញផ្ទះសរុបចំនួន ៦៧ ១០០ ខ្នងនៅសហរដ្ឋអាមេរិកក្នុងរយៈពេល ១២ខែចុងក្រោយដែលបញ្ចប់នៅខែមីនា។ នេះគឺជាកម្រិតទាបបំផុត គិតចាប់តាំងពីឆ្នាំ២០០៩ មក។
ក្នុងចំណោមនោះ អ្នកទិញដែលជាជនជាតិចិនបានទិញអចលនទ្រព្យចំនួន ៧ ៤០០ ខ្នង ដែលជាការថយចុះ ៣៧% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្រុមនេះមានចំនួន ១១% នៃអ្នកទិញបរទេសទាំងអស់ ដែលឈរនៅលំដាប់ទីបីបន្ទាប់ពីប្រទេសកាណាដា និងម៉ិកស៊ិក។ នៅក្នុងការស្ទង់មតិមុនៗ អ្នកទិញជនជាតិចិន ជាប់ចំណាត់ថ្នាក់ខ្ពស់បំផុត ដោយមាន ១៥% នៃអ្នកទិញបរទេសសរុប។
គួរឲ្យដឹងថា និន្នាការធ្លាក់ចុះនេះ កំពុងកើតឡើង ចំពេលទីផ្សារលំនៅដ្ឋានរបស់សហរដ្ឋអាមេរិកដែលកំពុងមានកំណើនយឺតយ៉ាវស្រាប់។ មិនតែប៉ុណ្ណោះ អត្រាការប្រាក់ខ្ពស់នៃប្រាក់កម្ចីទិញផ្ទះ និងការកើនឡើងនៃតម្លៃផ្ទះ បានបណ្តាលឱ្យមានការលក់ផ្ទះដែលមានស្រាប់ត្រឹមតែ ៤,០៦ លានខ្នងប៉ុណ្ណោះ កាលពីឆ្នាំមុន ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលបីទសវត្សចុងក្រោយ។
ជម្រាបជូនថា នៅតាមតំបន់ អ្នកទិញអាស៊ីបានឈរនៅលំដាប់កំពូល នៅឆ្នាំនេះ ដែលមានចំនួន ៣៣% នៃប្រតិបត្តិការសរុប។ អ្នកទិញជាជនជាតិចិនបានបន្តចំណាយច្រើនបំផុត ដោយប្រតិបត្តិការសរុបឈានដល់ ៧,៦ពាន់លានដុល្លារ ដោយសារតែតម្លៃអចលនទ្រព្យជាមធ្យមមានតម្លៃប្រហែល ១លានដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ តួលេខនេះគឺជាការថយចុះយ៉ាងខ្លាំងពី ១៣,៧ពាន់លានដុល្លារដែលត្រូវបានកត់ត្រាពីមុន៕

