យោងតាមទិន្នន័យពីនាយកដ្ឋានអាជីវកម្មថាមពលរបស់ប្រទេសថៃ បានបង្ហាញឲ្យដឹងថា នៅចន្លោះខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤ ប្រទេសថៃ បាននាំចេញប្រេងឥន្ធន:សរុបចំនួន ២,២៨ ពាន់លានលីត្រ មកកាន់ប្រទេសកម្ពុជា ឬជាមធ្យម ៦,២៥ លានលីត្រ ក្នុងមួយថ្ងៃ ដែលស្មើទៅនឹង ២១,២% នៃការនាំចេញប្រេងឥន្ធន:សរុបរបស់ប្រទេសថៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nation។
ប្រភពដដែលនេះ បានឲ្យដឹងទៀតថា កម្ពុជាគឺជាគោលដៅនាំចេញប្រេងឥន្ធន:ធំជាងគេបំផុតទីពីររបស់ប្រទេសថៃ ជាមួយនឹងតម្លៃនៃការនាំចេញសរុបចំនួន ៤៧,៩៨ពាន់លានបាត (ឬស្មើ ១,៤៣ពាន់លានដុល្លារ) បន្ទាប់ពីប្រទេសសិង្ហបុរី ដែលបានទទួលប្រេងឥន្ធនៈពីថៃ ក្នុងតម្លៃសរុប ៤៩,៦០ពាន់លានបាត ឬស្មើនឹង ២៥,៩% នៃការនាំចេញសរុប។
យ៉ាងណាមិញ ជុំវិញទំហំនៃការនាំចេញមកកាន់កម្ពុជាដ៏ច្រើននេះ កំពុងធ្វើឲ្យក្រុមហ៊ុនប្រេងរបស់ថៃ ប្រឈមមុខទៅនឹងការខាតបង់យ៉ាងធំ បន្ទាប់ពីភាពតានតឹងព្រំដែនរវាងប្រទេសទាំងពីរ កាន់តែកើនកម្តៅឡើង។
ជម្រាបជូនផងដែរថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសកាលពីពេលថ្មីៗនេះ ដោយផ្អាករាល់ការនាំចូលប្រេងឥន្ធន: និងឧស្ម័នទាំងអស់ពីប្រទេសថៃ គិតចាប់ពីម៉ោង ១២យប់ ថ្ងៃទី២៣ ខែមិថុនា តទៅ។ សម្តេចថែមទាំងបានសង្កត់ធ្ងន់ទៀតថា ក្រុមហ៊ុននាំចូលប្រេងឥន្ធនៈក្នុងស្រុក មានសមត្ថភាពគ្រប់គ្រាន់ក្នុងការទិញប្រេងឥន្ធនៈ និងឧស្ម័នពីប្រទេសផ្សេងទៀត ដើម្បីបំពេញតម្រូវការ ទោះបីជាមានការផ្អាកការនាំចូលពីប្រទេសថៃ មានរយ:ពេលយូរយ៉ាងណាក៏ដោយ៕