គិតត្រឹមបច្ចុប្បន្ន នរណាខ្លះជាប់ឈ្មោះជាមហាសេដ្ឋីមានបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍?

អន្តរជាតិ

គិតនៅត្រឹមចុងខែកក្កដា បុគ្គលដែលជាប់ឈ្មោះជាមហាសេដ្ឋីមានដាច់គេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍គឺមកពីប្រទេសវៀតណាម ហ្វីលីពីន ថៃ និងសិង្ហបុរី ដោយទ្រព្យសម្បត្តិសរុបរបស់ពួកគេរួមបញ្ចូលគ្នាមានចំនួនប្រមាណ ១០៧,៩ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម Forbes ថៅកែក្រុមហ៊ុន Vingroup ជនជាតិវៀតណាម លោក Pham Nhat Vuong នៅតែជាអ្នកមានដាច់គេបំផុតក្នុងតំបន់ជាមួយទ្រព្យសម្បត្តិសរុប ៣៣,៦ពាន់លានដុល្លារ កើនឡើង ១៩% បើធៀបទៅនឹងដើមឆ្នាំនេះ។

ទន្ទឹមនឹងនេះ មហាសេដ្ឋីហ្វីលីពីន លោក Enrique Razon Jr ជាប់តំណែងលេខពីរ ជាមួយទ្រព្យសម្បត្តិសរុបប្រមាណ ២១,៦ពាន់លានដុល្លារ។ លោកជាប្រធានក្រុមហ៊ុន International Container Terminal Services Inc ដែលជាប្រតិបត្តិករកំពង់ផែធំជាងគេបំផុតរបស់ប្រទេសនេះ។

អ្នកមានរបស់ថៃ លោក Sarath Ratanavadi គឺជាបុគ្គលដែលមានជាងគេទីបីនៅអាស៊ីអាគ្នេយ៍ ដែលមានទ្រព្យសម្បត្តិសរុបចំនួន ១៧,៧ពាន់លានដុល្លារ កើនឡើងពី ៥,៦ពាន់លានដុល្លារកាលពីឆ្នាំមុន។ ខណៈលោក Dhanin Chearavanont ដែលជាមហាសេដ្ឋីថៃផងដែរនោះ ជាប់លេខ៤ មានទ្រព្យសម្បត្តិសរុប ១៧,៦ពាន់លានដុល្លារ ជាម្ចាស់ក្រុមហ៊ុន CP Group។

ដោយឡែកសម្រាប់ចំណាត់ថ្នាក់ចុងក្រោយ គឺលោក Jason Chang ដែលជាបុរសមានបំផុតនៅសិង្ហបុរី មានទ្រព្យសម្បត្តិសុទ្ធសរុបចំនួន ១៧,៤ពាន់លានដុល្លារ។ លោកគឺជាម្ចាស់ក្រុមហ៊ុន ASE Technology Holding ដែលជាក្រុមហ៊ុនបន្ទះឈីប semiconductor ចុះបញ្ជីនៅតៃវ៉ាន់៕​