ការលក់រថយន្តថ្មីៗរបស់ Tesla នៅអឺរ៉ុបបន្តដាំក្បាលចុះសម្រាប់រយ:ពេល ៥ខែជាប់ៗគ្នា

អន្តរជាតិ

ការលក់រថយន្តថ្មីៗរបស់ក្រុមហ៊ុន Tesla នៅអឺរ៉ុប បានធ្លាក់ចុះ ២៧,៩% នៅក្នុងខែឧសភា បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន បើទោះបីជាលក់រថយន្តអគ្គិសនីសរុប នៅក្នុងតំបន់នេះ បានកើនឡើងដល់ ២៧,២% ក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទិន្នន័យពីសមាគមក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប (ACEA) បានបង្ហាញឲ្យដឹងថា កាលក់រថយន្តសរុបនៅក្នុងទីផ្សារអឺរ៉ុប បានកើនឡើង ១,៩% ដែលត្រូវបានជំរុញដោយសារកំណើនខ្លាំងបំផុត មកពីរថយន្តប្រភេទ Plug-in hybrid និងរថយន្តដែលដំណើរការដោយថាមពលស្អាត។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការលក់នៅអ៊ឺរ៉ុបរបស់ក្រុមហ៊ុន Tesla ឥឡូវនេះបានធ្លាក់ចុះរយៈពេលប្រាំខែជាប់ៗគ្នារួចមកហើយ ខណៈដែលអតិថិជននៅក្នុងតំបន់នេះ បានងាកទៅរករថយន្ត EV របស់ចិនដែលមានតំលៃថោកជាង ចំពេលប្រជាប្រិយភាពរបស់នាយកប្រតិបត្តិ Tesla លោក Elon Musk កំពុងធ្លាក់ចុះស្រាប់ ដោយសារតែការលូកដៃចូលឆាកនយោបាយ។ ចំណែកទីផ្សារនៅអ៊ឺរ៉ុបរបស់ក្រុមហ៊ុន Tesla បច្ចុប្បន្ន បានធ្លាក់ចុះមកត្រឹម ១,២% ក្នុងខែឧសភា បើធៀបទៅនឹង ១,៨% ក្នុងពេលដូចគ្នា កាលពីឆ្នាំមុន។

ទន្ទឹមនឹងនេះ ទិន្នន័យរបស់ ACEA បានបង្ហាញឲ្យដឹងទៀតថា ក្នុងខែឧសភា ការលក់រថយន្តថ្មីៗនៅក្នុងសហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងប្រទេសដែលស្ថិតនៅក្នុងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប បានកើនឡើងដល់ ១,១១ លានគ្រឿង បន្ទាប់ពីមានការធ្លាក់ចុះ ០,៣% នៅក្នុងខែមេសា។

ជម្រាបជូនផងដែរថា ជុំវិញការកើនឡើងនេះ ត្រូវបានជំរុញដោយការលក់រថយន្តរបស់ក្រុមហ៊ុន SAIC Motor ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​របស់​ចិន ដែលបានកើនឡើង ២២,៥% និងក្រុមហ៊ុន BMW របស់​អាល្លឺម៉ង់ ដែល​បាន​កើន​ឡើង ៥,៦% រៀង ខណ:ក្រុមហ៊ុន Mazda របស់​ជប៉ុន បានធ្លាក់ចុះ ២៣%៕