ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានអំពាវនាវឲ្យមានការបណ្តេញអ្នកយកព័ត៌មានរបស់ CNN គឺអ្នកនាង Natasha Bertrand បន្ទាប់ពីបានរាយការណ៍ថា ការវាយប្រហារដោយយន្តហោះទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិក គ្រាន់តែអាចផ្អាកកម្មវិធីផលិតនុយក្លេអ៊ែរបស់អ៊ីរ៉ង់ បានរយ:ពេលត្រឹម ២ ទៅ ៣ខែប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពី The Hill។
ថែ្លងនៅក្នុងបណ្តាញសង្គម Truth Social របស់ខ្លួន កាលពីថ្ងៃទី២៥ ខែមិថុនា លោក ត្រាំ បាននិយាយថា ៖” Natasha Bertrand គួរតែត្រូវបានបណ្តេញចេញពី CNN! ខ្ញុំបានឃើញពីការរាយការណ៍ព័ត៌មានក្លែងក្លាយរបស់នាង អស់រយៈពេលបីថ្ងៃមកហើយ។ អ្នករាយការណ៍បែបនេះ គួរតែត្រូវបានចាត់វិធានការ និងបណ្តេញចេញ”។
គួរឲ្យដឹងផងដែរថា នៅក្នុងការផ្សាយរបស់ CNN កាលពីថ្ងៃទី២៥ ខែមិថុនា អ្នកនាង Natasha បានដកស្រង់ប្រភពដែលដឹងពីបញ្ហានេះ ដោយនិយាយថា របាយការណ៍ចាត់ថ្នាក់ពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិរបស់មន្ទីរបញ្ចកោណ (DIA) បានវាយតម្លៃថា ការវាយប្រហាររបស់អាមេរិក នឹងមិនបំផ្លាញកម្មវិធីផលិតនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទាំងស្រុងទេ ប៉ុន្តែពួកគេនឹងត្រលប់មកចាប់ផ្តើមវិញ នៅរយ:ពេលពីរ បីខែក្រោយ។ ឃ្លាំងផ្ទុកសារធាតុអ៊ុយរ៉ាញ៉ូមដ៏សំបូរបែបរបស់អ៊ីរ៉ង់ ដែលអាចប្រើដើម្បីបង្កើតអាវុធនុយក្លេអ៊ែរ ត្រូវបានផ្លាស់ប្តូរមុនការវាយប្រហារ ហើយកំពុងត្រូវបានរក្សាទុកនៅកន្លែងផលិតអាវុធនុយក្លេអ៊ែរសម្ងាត់ផ្សេងទៀត។
យ៉ាងណាមិញ ក្រោយមានការលើកឡើងបែបនេះ លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Karoline Leavitt បាននិយាយថា ការលេចធ្លាយនៃការវាយតម្លៃស៊ើបការណ៍ គឺជាការប៉ុនប៉ងមួយ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់ប្រធានាធិបតីលោក ត្រាំ និងបានប្រមាថយ៉ាងធ្ងន់ធ្ងរដល់អ្នកបើកយន្តហោះអាមេរិក ដែលបានបំពេញបេសកកម្ម ដើម្បីបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
ជម្រាបជូនថា កាលពីថ្ងៃទី២២ ខែមិថុនា សហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់សំខាន់ៗចំនួន ៣ ដោយប្រើផែនការ Operation Night Hammer ។ រូបភាពពីផ្កាយរណបបង្ហាញថា កាំជ្រួច Tomahawk បានបាញ់ចូលជាបន្តបន្ទាប់ បង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនៅទីតាំងផលិតនុយក្លេអ៊ែរ Isfahan ខណ:ទីតាំង Fordow និង Natanz ដែលជាកន្លែងលាក់ខ្លួនយ៉ាងជ្រៅក្នុងភ្នំ ក៏ត្រូវបានរងការបំផ្លាញផងដែរ៕