ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហើបឲ្យដឹងាថ លោកបានរកឃើញអ្នកទិញកម្មវិធីបណ្តាញសង្គម TikTok នៅសហរដ្ឋអាមេរិកបានហើយ និងថែមទាំងបានលើកឡើងទៀតថា ពួកគេជាអ្នកដែលមានទ្រព្យសម្បត្តិយ៉ាងច្រើនផងដែរ ប៉ុន្តែសុំលាក់អត្តសញ្ញាណសិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ដោយប្រាប់ទៅក្នុងបទសម្ភាសនៅលើ Fox News កាលពីថ្ងៃទី២៩ ខែមិថុនា លោក ត្រាំ បាននិយាយថា ៖” យើងបានរកឃើញអ្នកទិញសម្រាប់ TikTok ហើយ។ ប៉ុន្តែចំពោះអត្តសញ្ញាណរបស់ពួកគេនោះ នឹងត្រូវប្រកាសនៅក្នុងរយ:ពេល ២សប្តាហ៍ទៀត”។
ប្រធានាធិបតីអាមេរិករូបនេះ បានបន្ថែមទៀតថា កិច្ចព្រមព្រៀងដែលលោកកំពុងធ្វើប្រហែលជាត្រូវការការយល់ព្រមពីប្រទេសចិនជាមុនសិន ហើយថែមទាំងបង្ហាញក្តីរំពឹងទៀតថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក៏ទំនងជាយល់ព្រមលើរឿងនេះ ផងដែរ។
គួរឲ្យដឹងថា ចាប់តាំងពីឡើងកាន់តំណែងនៅថ្ងៃទី២០ ខែមករាមក លោក ត្រាំ បានប្រកាសពន្យារពេលម្តងហើយម្តងទៀត លើច្បាប់ក្នុងការបិទកម្មវិធី TikTok នៅសហរដ្ឋអាមេរិក ខណ:ការពន្យារពេលលើកចុងក្រោយនេះ គឺមានសុពលភាពរហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។
ជម្រាបជូនផងដែរថា កន្លងមក ភាគីជាច្រើនបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការទិញយកកម្មវិធី TikTok នៅសហរដ្ឋអាមេរិក ដោយក្នុងនោះរួមមានក្រុមហ៊ុនសូហ្វវែរ Oracle ក្រុមហ៊ុនបច្ចេកវិទ្យា AppLovin និងក្រុមហ៊ុន Project Liberty របស់មហាសេដ្ឋី Frank McCourt ផងដែរ៕