ថៃរកបាននាយករដ្ឋមន្ត្រីថៃស្តីទីថ្មី​ ក្រោយលោកស្រី Paetongtarn ត្រូវព្យួរពីតំណែង​

អន្តរជាតិ

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Suriya Jungrungreangkit ត្រូវបានតែងតាំងឲ្យកាន់តួនាទីជានាយករដ្ឋមន្ត្រីស្តីទីជំនួសលោកស្រី Paetongtarn Shinawatra​ ដែលត្រូវបានតុលាការធម្មនុញ្ញសម្រេចព្យួរ​តំណែង​ នៅថ្ងៃទី១​ ខែកក្កដានេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nation។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការសម្រេចជ្រើសរើសនាយករដ្ឋមន្ត្រីស្តីទីថ្មីនេះ​ ត្រូវបានធ្វើឡើង​ បន្ទាប់ពីតុលាការធម្មនុញ្ញ សម្រេចទទួលយកញត្តិ​ ពីសមាជិកព្រឹទ្ធសភាជុំវិញការស្នើឲ្យដកតំណែងលោកស្រី​ Paetontarn ពីនាយករដ្ឋមន្ត្រី ក្រោមការចោទប្រកាន់ពិបទបំពានក្រមសីលធម៌ ក្រោយបែកធ្លាយការសន្ទនាតាមទូរស័ព្ទជាមួយសម្តេចតេជោ​ ហ៊ុន​​ សែន ប្រធានព្រឹទ្ធសភាកម្ពុជា។​

ប្រភពខាងលើ បានបន្ថែមទៀតថា អគ្គលេខាធិការនៃគណៈរដ្ឋមន្ត្រី​បានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពដែលមិនធ្លាប់មានពីមុន​ ដោយសារតែវានឹងក្លាយជាលើកទីមួយក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសថៃ ដែលនាយករដ្ឋមន្ត្រីមួយរូបត្រូវបានព្យួរពីតួនាទី ខណៈពេលដែលគណៈរដ្ឋមន្ត្រីថ្មី​ត្រៀមនឹងស្បថចូលកាន់តំណែង។

គួរឲ្យដឹងផងដែរថា​​​ ប្រការ​នេះ​តម្រូវ​ឲ្យយ​នាយក​រដ្ឋមន្ត្រី​ស្តីទី​​ ដឹកនាំ​គណៈរដ្ឋមន្ត្រី​ថ្មី​ស្បថចូល​កាន់​តំណែង​​ នៅ​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០២៥ ជំនួស​នាយក​រដ្ឋមន្ត្រី​ដែល​ត្រូវ​បានព្យួរ។

ជម្រាបជូនថា​ ជុំវិញការព្យួរតំណែងនេះ​តុលាការធម្មនុញ្ញថៃ​នឹងត្រូវចេញសាលក្រមសម្រេចថាតើត្រូវដក ឬក៏ប្រគល់តំណែងជានាយករដ្ឋមន្ត្រីឲ្យលោកស្រី Paetongtarn វិញ ហើយការចេញសាលក្រមអាចចំណាយពេលច្រើនខែ ឬលឿនជាងរំពឹងទុក៕