យោងតាមរបាយការណ៍ចុងក្រោយមួយ បានបង្ហាញឲ្យដឹងថា សិង្ហបុរី បានជាប់ចំណាត់ថ្នាក់ជាទីក្រុងមានការចំណាយថ្លៃបំផុតនៅលើពិភពលោក សម្រាប់បុគ្គលមានទ្រព្យសម្បតិច្រើន (HNWIs) ក្នុងការរស់នៅប្រចាំថ្ងៃ សម្រាប់រយ:ពេល ៣ឆ្នាំជាប់ៗគ្នា ពោលគឺបានវ៉ាច់ទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស និងទីក្រុងហុងកុង ជាថ្មីម្តងទៀត។

យោងតាមរបាយការណ៍ពី Global Wealth and Lifestyle Report 2025 ដែលចេញផ្សាយកាលសប្តាហ៍មុន ដោយធនាគារស្វីស Julius Baer បានបង្ហាញឱ្យដឹងថា សិង្ហបុរី បន្តឈរនៅលើកំពូលតារាង ជាទីក្រុងដែលមានរថយន្ត និងកាបូបដៃរបស់ស្ត្រីមានតម្លៃថ្លៃបំផុត និងឈរចំណាត់ថ្នាក់លេខ២ ដែលស្បែកជើងសម្រាប់មនុស្សស្រី មានតម្លៃថ្លៃបំផុត និងចំណាត់ថ្នាក់ទីបី ដែលមានលំនៅដ្ឋាន និងសេវាការថែទាំសុខភាព ថ្លៃបំផុត។
យ៉ាងណាមិញ បើប្រៀបធៀបទៅនឹងឆ្នាំមុន សិង្ហបុរី ជាប់ចំណាត់ថ្នាក់កំពូលគេដែលតម្លៃបំបុត្រយន្តហោះថ្នាក់អាជីវកម្ម មានការកើនឡើងខ្ពស់បំផុត រហូតដល់ ១៧% ស្របពេលតម្លៃកង់ និងថ្លៃសាលារៀនឯកជន តាមពីក្រោយ ដោយមានការកើនឡើង ១៥,៦% និង ១២,១% រៀងគ្នា។
ជម្រាបជូនផងដែរថា ដើម្បីចាត់ចំណាត់ថ្នាក់នេះបាន ធនាគារ Julius Baer បានធ្វើការវិភាគទៅលើកញ្ចប់ទំនិញ និងសេវាកម្មចំនួន ២០ នៅទូទាំងទីក្រុងធំៗ ២៥ ជុំវិញពិភពលោក។ ទំនិញទាំងនោះ ផ្អែកសំខាន់ទៅលើការសម្រេចចិត្តទិញរបស់ក្រុមអ្នកមាន HNWIs រួមទាំងរថយន្ត នាឡិកាដៃ កាបូប ក៏ដូចជាសេវាកម្មដូចជាការថែទាំសុខភាព និងការអប់រំឯកជន ជាដើម៕

