តម្លៃប្រាក់បាតរបស់ថៃ បានធ្លាក់ចុះ បន្ទាប់ពីមានការកើនឡើងដល់តម្លៃខ្ពស់បំផុត ក្នុងរយ:ពេលជាងបីឆ្នាំចុងក្រោយ ដោយសារតែជម្លោះជាមួយប្រទេសកម្ពុជា កំពុងផ្ទុះឡើងកាន់តែខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

រូបិយប័ណ្ណក្នុងស្រុក បានធ្លាក់ចុះ ០,៣% មកនៅត្រឹម ៣២,២៩ បាត ក្នុងមួយដុល្លារ គិតនៅត្រឹមថ្ងៃព្រហស្បតិ៍ ទី២៤ ខែកក្កដានេះ បើធៀបទៅនឹងតម្លៃ ៣២,១១ បាត ក្នុងមួយដុល្លារ ដែលជាតម្លៃខ្ពស់បំផុត គិតចាប់តាំងពីខែកុម្ភ: ឆ្នាំ២០២២ មក។
ជាមួយគ្នាននេះ សន្ទស្សន៍ទីផ្សារហ៊ុនរបស់ប្រទេសថៃ (SET) ក៏បានធ្លាក់ចុះអស់ប្រហែល ១% ផងដែរ។
គួរឲ្យដឹងថា តម្លៃលុយបាត បានកើនឡើងជាង ៦% នៅឆ្នាំនេះ ដែលជំរុញដោយការកើនឡើងនៃសុទិដ្ឋិនិយមជុំវិញការចរចាពាណិជ្ជកម្ម ក៏ដូចជាការត្រលប់មកវិញនៃលំហូរចូលភាគហ៊ុនបរទេស និងតម្លៃមាសកើនដល់កម្រិតខ្ពស់ជិតបំបែកកំណត់ត្រា ។
ជម្រាបជូនថា កងទ័ពកម្ពុជា-ថៃ បានប៉ះទង្គិចគ្នាជាថ្មីម្តងទៀត ក្រោយការផ្ទុះអាវុធកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥នេះ នៅចំណុចប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ ដោយបានរាលដាលទៅកាន់ចំណុចផ្សេងៗទៀត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ រហូតដល់ខេត្តព្រះវិហារ។ ការប្រយុទ្ធគ្នានេះ បានកើតឡើងបន្ទាប់ពីភាគីថៃ បានផ្ទុះអាវុធមុន នៅចំណុចប្រាសាទតាមាន់៕

