ប្រធានាធិបតីស្វីស ប្រញាប់ជួបចរចាជាមួយអាមេរិក ក្រោយប្រឈមមុខពន្ធគយ ៣៩%​

អន្តរជាតិ

ប្រធានាធិបតីស្វីស លោកស្រី Karin Keller-Sutter ត្រូវបានគេរាយការណ៍ថាបានចាកចេញពីទីក្រុងវ៉ាស៊ីនតោនវិញហើយ កាលពីថ្ងៃពុធ​ បន្ទាប់ពីបានប្រញាប់ប្រញាល់ដំណើរដំណើរទៅជួបចរចាជាមួយរដ្ឋាភិបាលអាមេរិក ដើម្បីបញ្ចៀសពន្ធគយ ៣៩%​ លើការនាំចេញទៅកាន់អាមេរិក ដែលជាទីផ្សារដ៏ធំបំផុតរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងអំឡុងជំនួបនោះ លោកស្រី Keller-Sutter បាននិយាយថា លោកស្រីមានកិច្ចប្រជុំល្អណាស់ ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ប៉ុុន្តែប្រភពមួយ បានទម្លាយឲ្យដឹងថា ប្រធានាធិបតីស្វីសរូបនេះ មិនបានជួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឬមន្ត្រីពាណិជ្ជកម្មកំពូលណាមួយរបស់អាមេរិកនោះឡើយ។

លោកស្រី Keller-Sutter បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនៅក្រសួងការបរទេសក្នុងទីក្រុងវ៉ាស៊ីនតោនថា “យើងមានកិច្ចប្រជុំដ៏ល្អមួយនៅថ្ងៃនេះ។ យើងមានការផ្លាស់ប្តូរមិត្តភាព និងបើកចំហជាច្រើន” ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកស្រី​ ហាក់មិនបានឆ្លើយសំណួរបន្ថែម អំពីអ្វីដែលស្វីសនឹងត្រូវធ្វើ ដើម្បីបញ្ចៀសការជាប់ពន្ធគយខ្ពស់ ពីសំណាក់សហរដ្ឋអាមេរិក នោះឡើយ។

ជម្រាបជូនផងដែរថា លោក ត្រាំ បានប្រកាសអត្រាពន្ធ ៣១% លើការនាំចូលទំនិញពីប្រទេសស្វីស កាលពីក្នុងខែមេសា។ ប៉ុន្តែក្រោយមកស្វីស ហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ត្រាំ កាលពីសប្តាហ៍មុន បានកំណត់អត្រាពន្ធខ្ពស់បន្ថែមទៀត ដល់ទៅ ៣៩% ដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ស្វីស ដែលពឹងផ្នែកខ្លាំងលើការនាំចេញ៕​