នាយករដ្ឋមន្ត្រីឥណ្ឌា នឹងធ្វើទស្សនកិច្ចទៅចិនលើកដំបូងក្នុងពេល ៧ឆ្នាំ ចំពេលតានតឹងជាមួយអាមេរិក

អន្តរជាតិ

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi គ្រោងនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ជាលើកដំបូង ក្នុងរយ:ពេលជាង ៧ឆ្នាំ ដែលជាសញ្ញានៃការបង្ហាញទំនាក់ទំនងកាន់តែកក់ក្តៅរវាងប្រទេសទាំងពីរ ចំពេលកំពុងមានភាពតានតឹងជាមួយសហរដ្ឋអាមរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមប្រភពធំៗក្នុងស្រុកចំនួនពីររបស់ឥណ្ឌា បានរាយការណ៍កាលពីថ្ងៃទី៦ ខែសីហាថា នាយករដ្ឋមន្ត្រីលោក Narendra Modi នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលពហុភាគីរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុង Tianjin នៅថ្ងៃទី៣១ ខែសីហា។

យ៉ាងណាមិញ​ ប្រសិនបើវាកើតឡើងមែន នេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្រ្តីឥណ្ឌា Modi ទៅកាន់ប្រទេចិន បើគិតចាប់តាំងពីខែមិថុនា ឆ្នាំ២០១៨ មក។ បន្ទាប់ពីនោះ ទំនាក់ទំនងឥណ្ឌា និងចិន បានធ្លាក់ចុះជាបន្តបន្ទាប់ ក្រោយការប៉ះទង្គិចគ្នារវាងយោធា នៅតាមព្រំដែន នៅក្នុងឆ្នាំ២០២០។

គួរឲ្យដឹងថា ទំនាក់ទំនងឥណ្ឌា-ចិននាពេលថ្មីៗនេះ បានបង្ហាញសញ្ញានៃភាពប្រសើរឡើង ខណៈដែលទីក្រុងញូវដែលី កំពុងប្រឈមមុខនឹងសម្ពាធពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

កាលពីថ្ងៃទី៦ ខែសីហា លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដើម្បីដាក់ពន្ធបន្ថែម ២៥% លើការនាំចូលពីប្រទេសឥណ្ឌា ដោយបង្កើនពន្ធនាំចូលសរុបរបស់ប្រទេសនេះដល់ ៥០% ដោយសារតែការបន្តទិញចូលប្រេងពីរុស្ស៊ី។

ជាមួយគ្នានេះ​ ប្រធានាធិបតីអាមេរិក ក៏ត្រូវបានគេរំពឹងថានឹងប្រកាសពីការដំឡើងពន្ធនាំចូលបន្ថែមទៀតលើប្រទេសចិន ស្រដៀងគ្នាទៅនឹងឥណ្ឌាផងដែរ ជុំវិញការទិញប្រេងឆៅពីរុស្ស៊ី។ បច្ចុប្បន្ន ចិន កំពុងប្រឈមមុខទៅនឹងពន្ធនាំចូលទូទៅ ៣០% ចំពោះការនាំចូលទំនិញទៅកាន់សហរដ្ឋអាមេរិក៕​