ជនជាតិម៉ាឡេស៊ី ខាតលុយជាង ២០០លានដុល្លារដោយសារការឆបោកតាមអនឡាញក្នុងរយៈពេល ៥ខែ

អន្តរជាតិ

យោងតាមក្រសួងមហាផ្ទៃរបស់ប្រទេសម៉ាឡេស៊ី បានឲ្យដឹងថា ទឹកប្រាក់ប្រមាណ ៨៣០លានរីងហ្គីត (២០១,៧លានដុល្លារអាមេរិក) ត្រូវបានខាតបង់ដោយសារការបោកប្រាស់តាមអនឡាញ នៅក្នុងប្រទេសម៉ាឡេស៊ី ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងបានកត់សម្គាល់ទៀតថា ការឆបោកជុំវិញវិនិយោគ បានបណ្តាលឲ្យមានការខាតបង់ខ្ពស់បំផុត ដោយកើនឡើងពី ៨៤៨,៦២លានរីងហ្គីតក្នុងឆ្នាំ២០២៤ ដល់ ១,៤៦ពាន់លានរីងហ្គីតក្នុងឆ្នាំ២០២៥ និងមានចំនួន ៣៦១,៦៣លានរីងហ្គីតរហូតមកដល់ពេលនេះ នៅឆ្នាំនេះ។

ទន្ទឹមនឹងនេះ ការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ បានកើតឡើងជាបន្តបន្ទាប់ ដោយមានការខាតបង់សរុបចំនួន ៤៩៧,១២លានរីងហ្គីតក្នុងឆ្នាំ២០២៤ , ៨០២,៤៧លានរីងហ្គីតក្នុងឆ្នាំ២០២៥ និង ២៣៥,៦៣លានរីងហ្គីតគិតត្រឹមខែឧសភា នៅឆ្នាំនេះ។

មិនតែប៉ុណ្ណោះ ចំពោះការខាតបង់ដែលបណ្តាលមកពីការឆបោកស្នេហា មានចំនួន ៤៥,៨៧លានរីងហ្គីតក្នុងឆ្នាំ២០២៤ , ៤៧,៤៤លានរីងហ្គីតក្នុងឆ្នាំ២០២៥ និង ១៧,៧៦លានរីងហ្គីតនៅឆ្នាំនេះ។

គួរជម្រាបជូនថា ក្រសួងមហាផ្ទៃម៉ាឡេស៊ី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដោយពង្រឹងមជ្ឈមណ្ឌលឆ្លើយតបការឆបោកជាតិ (NSRC) ដែលដំណើរការ ២៤ម៉ោងក្នុងមួយថ្ងៃ និងចាត់វិធានការរហ័សដើម្បីបង្កកគណនីធនាគារ និងដាក់កម្រិតប្រតិបត្តិការ។ ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ២០២២ មក មជ្ឈមណ្ឌលនេះបានបង្កកមូលនិធិទាក់ទងនឹងការឆបោកចំនួន ៣២,៤៩លានរីងហ្គីតដោយជោគជ័យ ដែលប្រហែលមួយភាគបីត្រូវបានប្រគល់ជូនជនរងគ្រោះវិញ៕​