ក្រុមហ៊ុនថាមពលខ្នាតយក្សរបស់ប្រទេសថៃ PTT ថ្មីៗនេះ បានប្រកាសពីការធ្លាក់ចុះយ៉ាងគំហុគនៃប្រាក់ចំណេញរបស់ខ្លួន នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ នេះ ចំពេលកំពុងមានជម្លោះបិទព្រំដែនជាមួយកម្ពុជា។

យោងតាមការចុះផ្សាយពីសារព័ត៌មាន The Nation បានបង្ហាញឲ្យដឹងថា ប្រាក់ចំណេញសុទ្ធរបស់ PTT នៅត្រីមាសទី២ ឆ្នាំនេះ បានធ្លាក់ចុះ ៤០% មកនៅត្រឹម ២១,៥ពាន់លានបាត ធៀបទៅនឹងប្រាក់ចំណេញទទួលបាន ៣៥,៥លានបាត ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន បានបង្ហាញឲ្យដឹងទៀតថា មូលហេតុចម្បងនៃការធ្លាក់ចុះនេះ គឺដោយសារតែអាជីវកម្មស្នូលរបស់ខ្លួន ដូចជា សារធាតុគីមី និងការចម្រាញ់ បានបង្កើតប្រាក់ចំណូលតិចតួចប៉ុណ្ណោះ ស្របពេលអាជីវកម្មរុករក និងការផលិតប្រេងរបស់ខ្លួន បានមើលឃើញថាការលក់ធ្លាក់ចុះ និងមានតម្លៃទាប។
ទន្ទឹមជាមួយគ្នានេះ ការចំណាយរបស់ក្រុមហ៊ុនក៏មានកើនឡើងខ្ពស់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនថាមពលថៃនេះ ហាក់មិនបានសន្មតថា ការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់ចំណូលរបស់ខ្លួន គឺបណ្តាលមកពីជម្លោះព្រំដែនជាមួយកម្ពុជា ឬយ៉ាងណានោះទេ។
ជម្រាបជូនផងដែរថា ក្នុងអំឡុងពេលកំពុងមានភាពតានតឹងខ្លាំងលើបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចហាមឃាត់ការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទទាំងស្រុង ពីប្រទេសថៃ ដែលជាវិធានការឆ្លើយតបទៅនឹងការគំរាមកំហែងពីរដ្ឋាភិបាលថៃ៕

