តម្លៃផ្ទះនៅចិន បន្តដាំក្បាលចុះ ខណៈវិធានការសង្គ្រោះរបស់រដ្ឋាភិបាលហាក់គ្មាន​ប្រសិទ្ធភាព

អន្តរជាតិ

យោងតាមទិន្ននន័យចេញផ្សាយដោយការិយាល័យស្ថិតិជាតិនៃប្រទេសចិន បានបង្ហាញឲ្យដឹងថា តម្លៃផ្ទះថ្មី និងផ្ទះចាស់ នៅក្នុងប្រទេស បន្តធ្លាក់ចុះ កាលពីខែមុន ស្របពេលវិធានការគាំទ្រទីផ្សារជាបន្តបន្ទាប់របស់រដ្ឋាភិបាល នៅតែគ្មានប្រសិទ្ធភាព។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SCMP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែល បានរាយការណ៍ទៀតថា តម្លៃផ្ទះ បានបន្តធ្លាក់ចុះ ០,៣%​ នៅក្នុងខែកក្កដា បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ តម្លៃផ្ទះថ្មីនៅក្នុងប្រទេសចិន បាននិងកំពុងបន្តធ្លាក់ចុះជាបន្តបន្ទាប់ រាប់ចាប់តាំងពីខែមេសា ឆ្នាំ២០២២​ មក។

ទន្ទឹមនឹងនឹងនេះ ចំពោះតម្លៃផ្ទះ នៅក្នុងទីក្រុងធំៗចំនួន ៤ ដែលជាទីក្រុងស្ថិតនៅក្នុងតំបន់លំដាប់ទី១របស់ប្រទេស បានធ្លាក់ចុះ ០,២% នៅក្នុងខែកក្កដា បើធៀបទៅនឹងខែមិថុនា។

យ៉ាងណាមិញទីក្រុងស្ថិតនៅភាគខាងត្បូងប្រទេស ដូចជាទីក្រុង Guangzhou និង Shenzhen តម្លៃផ្ទះបានធ្លាក់ចុះ ០,៣% និង ០,៦% រៀងៗគ្នា នៅក្នុងត្រីមាសមុន។ នៅក្នុងទីក្រុងប៉េកាំងវិញ តម្លៃផ្ទះស្ថិតនៅកម្រិតថេរ នៅក្នុងខែកក្កដា ស្របពេលទីក្រុងសៀងហៃ តម្លៃហាក់មានការកើនឡើង ០,៣%​ ។

ដោយឡែក នៅក្នុងទីផ្សារអចលនទ្រព្យបន្ទាប់បន្សំ ដែលសំដៅទៅលើផ្ទះចាស់ៗ ការលក់ក្នុងខែកក្កដា បានធ្លាក់ចុះ ០,៥% ធៀបនឹងខែមិថុនា និងធ្លាក់ចុះ ៥,៩% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ជម្រាបជូនថា ប្រទេសចិន បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីគាំទ្រទីផ្សារលំនៅដ្ឋាន ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៤ មក។ នៅដើមខែនេះ រដ្ឋាភិបាលទីក្រុងប៉េកាំង ក៏បានបន្ធូរបន្ថយការរឹតបន្តឹងលើការទិញផ្ទះ នៅតំបន់ជាយក្រុងដោយមិននឹកស្មានដល់ ផងដែរ៕