កាលពីថ្ងៃទី១៨ ខែសីហាកន្លងទៅ ក្រុមហ៊ុន SoftBank និង Intel បានប្រកាសរួមគ្នាថា ក្រុមហ៊ុនខ្នាតយក្សរបស់ជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីវិនិយោគ ២ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុនបន្ទះឈីបរបស់អាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

បន្ទាប់ពីការប្រកាសនេះ នាយកប្រតិបត្តិក្រុមហ៊ុន Intel លោក Lip-Bu Tan បាននិយាយថា ៖”ស្ថាបនិក SoftBank លោក Masayoshi Son និងខ្ញុំបានធ្វើការជាមួយគ្នាអស់ជាច្រើនទសវត្សមកហើយ”។ ហើយជុំវិញការវិនិយោគចុងក្រោយនេះ នឹងធ្វើឲ្យ SoftBank ក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេទី៥ របស់ Intel។
គួរឲ្យដឹងថា SoftBank ថ្មីៗនេះ បានបង្កើនការវិនិយោគរបស់ខ្លួន នៅក្នុងទីផ្សារបន្ទះឈីប និង AI ជុំវិញពិភពលោក ដោយពួកគេបានទិញយកក្រុមហ៊ុនផលិតបន្ទះឈីប Arm និងកំពុងស្វែងរកឱកាសទិញយកក្រុមហ៊ុន Ampere Computing មកគ្រប់គ្រងបន្ថែមទៀត ផងដែរ។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុនទូរគមនាគមន៍ខ្នាតយក្សរបស់ជប៉ុនមួយនេះ ក៏ជាផ្នែកមួយនៃផែនការ ៥០០ពាន់លានដុល្លារ ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិមិត្ត នៅក្នុងសហរដ្ឋអាមេរិក ដោយចាប់ដៃគូជាមួយ Oracle និង OpenAI ។
ជម្រាបជូនថា កាលពីប៉ុន្មានថ្ងៃមុន ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិក បានរាយការណ៍ថា រដ្ឋបាលរបស់លោក ត្រាំ ក៏កំពុងចរចាទិញភាគហ៊ុន នៅក្នុងក្រុមហ៊ុន Intel ផងដែរ ដោយប្រភពជិស្និទ្ធនឹងបញ្ហានេះ បានបង្ហាញថាសេតវិមាន អាចកាន់កាប់ភាគហ៊ុន ១០% នៅក្នុងក្រុមហ៊ុនបន្ទះឈីបនេះ៕

