មហាសេដ្ឋីមានដាច់គេរបស់ពិភពលោក Elon Musk ថ្មីៗនេះ ត្រូវបានគេនិយាយថា កំពុងពន្យារពេលលើផែនការបង្កើតគណបក្សនយោបាយថ្មី ព្រោះរូបលោកចង់ផ្តោតលើមុខជំនួញ និងមិនចង់ឲ្យគណបក្សសាធារណរដ្ឋអាក់អន់ចិត្ត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

កាលពីថ្ងៃទី១៩ ខែសីហា សារព័ត៌មាន WSJ បានដកស្រង់ប្រភពដែលមិនបញ្ចេញឈ្មោះថា លោក Musk កំពុងស្ងាត់ស្ងៀមលើផែនការរបស់លោក ដើម្បីបង្កើតបក្សថ្មី ឈ្មោះថា American Party ដើម្បីប្រកួតប្រជែងជាមួយបក្សធំបំផុតទាំងពីរបស់អាមេរិក គឺបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោតនាពេលខាងមុខ។ គិតបង្កើតបក្សថ្មីនេះ បានកើតឡើងចាប់តាំងតែពីលោក Musk បានសម្រេចដើរចេញពីការងារនៅសេតវិមាន និងចាប់ផ្តើមប្រឆាំងទៅផែនការចំណាយដ៏ធំរបស់លោក ត្រាំ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ឥឡូវនេះ លោក Musk ត្រូវបានគេរាយការណ៍ថា បានប្រាប់សហការរីរបស់ខ្លួន ថាលោកចង់ផ្តោតទៅលើក្រុមហ៊ុនរបស់លោកច្រើនជាង និងមិនចង់ឲ្យបក្សសាធារណរដ្ឋ បាត់បង់ប្រជាប្រិយភាព ដោយសារតែការបង្កើតបក្សទីបីរបស់លោក នោះឡើយ។
ជម្រាបជូនផងដែរថា លោក Musk ធ្លាប់ជាសម្ព័ន្ធមិត្តិដ៏ជិតស្និទ្ធបំផុត ជាមួយប្រធានាធិបតីលោក ត្រាំ។ ប៉ុន្តែក្រោយមកទំនាក់ទំនងរបស់អ្នកទាំងពីរបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែការខ្វែងគំនិតគ្នាលើផែនការចំណាយថវិកា និងវិក្កយបត្រកាត់បន្ថយពន្ធ រហូតឈានដល់ការវាយប្រហារគ្នា នៅលើបណ្តាញសង្គម កាលពីខែមិថុនា៕

