វៀតណាម រំពឹងទំហំពាណិជ្ជកម្មខ្លួនកើនឡើងដល់កម្រិតខ្ពស់បំផុត ៩០០ពាន់លានដុល្លារ នៅឆ្នាំនេះ

អន្តរជាតិ

យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានបង្ហាញឲ្យដឹងថា ការនាំចេញ-នាំចូលរបស់វៀតណាមត្រូវបានគេរំពឹងថានឹងឈានដល់កម្រិតខ្ពស់ថ្មីមួយ ចំនួន ៩០០ពាន់លានដុល្លារ នៅឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួង បាននិយាយនៅក្នុងសន្និសីទកាសែតទូទៅមួយនៅទីក្រុងហាណូយ កាលពីថ្ងៃទី៩ ខែតុលាថា ពាណិជ្ជកម្មបរទេសនៅតែជាកត្តាជំរុញដ៏សំខាន់បំផុតនៃសេដ្ឋកិច្ចរបស់ប្រទេស ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៥ នេះ ជាមួយនឹងទំហំពាណិជ្ជកម្មសរុប បានឈានដល់ ៦៨០,៦ពាន់លានដុល្លារ ពោលគឺបានកើនឡើង ១៧,៣% ធៀបទៅនឹងពេលដូចគ្នាកាលពីឆ្នាំមុន។

ទន្ទឹមនឹងនេះ បើតាមលោក Bui Huy Son អគ្គនាយកនៃនាយកដ្ឋានផែនការ ហិរញ្ញវត្ថុ និងការគ្រប់គ្រងសហគ្រាសរបស់ក្រសួង បានរាយការណ៍ថា ក្នុងរយៈពេលប្រាំបួនខែដំបូង ការនាំចេញរបស់វៀតណាម មានចំនួនសរុប ៣៤៨,៧ពាន់លានដុល្លារ កើនឡើង ១៦% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងលើសពីគោលដៅ ១២% ដែលបានកំណត់សម្រាប់ពេញមួយឆ្នាំ។

ជម្រាបជូនផងដែរថា ការនាំចេញទំនិញចំនួន ៣២ មុខ របស់វៀតណាម បានកើនឡើងដល់ ១ពាន់លានដុល្លារ ដោយរួមចំណែកប្រមាណ ៩៣,១% នៃការនាំចេញសរុប រួមទាំងទំនិញចំនួន ៧ មុខ ទៀតដែលមានតម្លៃលើសពី ១០ពាន់លានដុល្លារ។ សហរដ្ឋអាមេរិក ចិន សហភាពអឺរ៉ុប អាស៊ាន និងជប៉ុន នៅតែជាទីផ្សារនាំចេញដ៏សំខាន់៕​