សហភាពអឺរ៉ុប បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្ម សម្រាប់ការនាំចេញទំនិញសំខាន់ៗរបស់ខ្លួនមួយចំនួន ទៅកាន់សហរដ្ឋអាមេរិក ជាមួយនឹងអត្រាពន្ធត្រឹមតែ ១៥% ប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កិច្ចព្រមព្រៀងជាក្របខ័ណ្ឌដែលត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី២១ ខែសីហានោះ បានឲ្យដឹងថា ការនាំចូលរបស់សហភាពអឺរ៉ុប ទៅកាន់សហរដ្ឋអាមេរិក ដោយក្នុងនោះរួមមាន រថយន្ត ឱសថ បន្ទះឈីប Semiconductors និងឈើ នឹងត្រូវជាប់ពន្ធត្រឹមតែ ១៥% ប៉ុណ្ណោះ ពោលគឺទាបជាងអ្វីដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធគយខ្ពស់ ដូចជាពន្ធ ១០០% លើបន្ទះឈីប ជាដើម។
យ៉ាងណាមិញ ជាថ្នូរទៅនឹងការទទួលបានកិច្ចព្រមព្រៀងនេះ EU នឹងលុបចោលពន្ធលើទំនិញឧស្សាហកម្មទាំងអស់របស់សហរដ្ឋអាមេរិក និងផ្តល់នូវការចូលប្រើប្រាស់ទីផ្សារអនុគ្រោះ សម្រាប់ប្រភេទអាហាសមុទ្រ និងផលិតផលកសិកម្មជាច្រើនទៀតរបស់សហរដ្ឋអាមេរិក។
កិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលផងដែរនូវផែនការសម្រាប់សហភាពអឺរ៉ុបក្នុងការទិញឧស្ម័នធម្មជាតិរាវ (LNG) ប្រេង និងថាមពលនុយក្លេអ៊ែរដែលមានតម្លៃ ៧៥០ពាន់លានដុល្លារពីសហរដ្ឋអាមេរិក ព្រមទាំងបន្ទះឈីបបញ្ញាសិប្បនិម្មិតដែលមានតម្លៃ ៤០ពាន់លានដុល្លារ ផងដែរ។ ទន្ទឹមនឹងនេះ EU ក៏គ្រោងនឹងវិនិយោគបន្ថែមចំនួន ៦០០ពាន់លានដុល្លារ ក្នុងវិស័យយុទ្ធសាស្ត្រនៅសហរដ្ឋអាមេរិកនៅឆ្នាំ២០២៨ ថែមទៀតផង ។
ជម្រាបជូនផងដែរថា ប្រធានាធិបតីអាមេរិក លោក ត្រាំ និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានឈានដល់ការប្រកាសកិច្ចព្រមព្រៀងក្របខ័ណ្ឌពាណិជ្ជកម្មរួមគ្នាមួយ កាលពីថ្ងៃទី២៧ ខែកក្កដា នៅទីក្រុង Turnberry ប្រទេសស្កុតឡែន បន្ទាប់ពីមានកិច្ចប្រជុំរយៈពេលមួយម៉ោង ដោយបញ្ចប់ការចរចាដែលជាប់គាំងអស់ពេលជាច្រើនខែ៕

