ឯកអគ្គរដ្ឋទូតអាមេរិក កាលពីពេលថ្មីៗនេះ បានជំទាស់ទៅនឹងផែនការរបស់រដ្ឋាភិបាលអ៊ីតាលី ក្នុងការរួមបញ្ចូលការចំណាយទៅលើគម្រោងស្ពានយោងតម្លៃ ១៥,៦ពាន់លានដុល្លារ នៅក្នុងថវិការបស់អង្គការ NATO និងជំរុញឲ្យរដ្ឋាភិបាលទីក្រុងរ៉ូម បោះបង់ជម្រើសនេះចោលវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រសួងហេដ្ឋារចនាសម្ព័ន្ធអ៊ីតាលី បានប្រកាសកាលពីថ្ងៃទី៣ ខែកញ្ញា ដោយសំដៅលើគម្រោងសាងសង់ស្ពានយោងវែងជាងគេរបស់ពិភពលោក ឆ្លងកាត់ច្រកសមុទ្រ Messina នេះថា ស្ពាននេះត្រូវបានផ្តល់មូលនិធិពេញលេញដោយថវិការដ្ឋ។ បច្ចុប្បន្ននេះ ការប្រើប្រាស់មូលនិធិរបស់ NATO ក្នុងការសាងសង់ស្ពាននេះ មិនត្រូវបានស្នើឡើង ហើយក៏មិនចាំបាច់ផងដែរ។
គួរឲ្យដឹងថា កាលពីដើមខែសីហា ប្រទេសអ៊ីតាលីបានអនុម័តគម្រោងទឹកប្រាក់ចំនួន ១៥,៦ពាន់លានដុល្លារ ដើម្បីសាងសង់ស្ពានយោងតភ្ជាប់ពីទីក្រុង Sicily ទៅកាន់ដីគោក។ ស្ពាននេះនឹងមានផ្លូវរថភ្លើងពីរខ្សែនៅកណ្តាល និងមានផ្លូវបីគន្លងនៅសងខាង។ គម្រោងនេះត្រូវបានគេរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០៣២។
ទន្ទឹមនឹងនេះ មន្ត្រីរដ្ឋាភិបាលអ៊ីតាលីមួយចំនួន រួមទាំងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ លោក Matteo Salvini ដែលបានដឹកនាំកិច្ចខិតខំប្រឹងប្រែងសាងសង់ស្ពាន Messina នេះ បានផ្តល់យោបល់ថា ស្ពាននេះអាចត្រូវបានចាត់ថ្នាក់ជាគម្រោងការពារ ដោយសារតែលក្ខណៈប្រើប្រាស់បានច្រើនយ៉ាង។ ក្នុងនាមជាគម្រោងការពារ ស្ពាននេះអាចប្រើប្រាស់មូលនិធិ ដែលជាផ្នែកមួយនៃការរួមចំណែករបស់អង្គការ NATO បានផងដែរ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការ NATO លោក Matthew Whitaker បានជំទាស់នឹងគំនិតនៃការរួមបញ្ចូលការចំណាយលើការសាងសង់ស្ពាននេះ ដោយសារតែវានឹងមិនអាចបំពេញតាមគោលដៅនៃការបង្កើនការចំណាយលើវិស័យការពារដល់ ៥% នៃផលិតផលក្នុងស្រុកសរុប (GDP) តាមការស្នើសុំរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នោះឡើយ៕

