យោងតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោកស្រី Nirmala Sitharaman បាននិយាយថា ប្រទេសឥណ្ឌា នឹងបន្តទិញប្រេងពីរុស្ស៊ី សម្រាប់ហេតុផលសេដ្ឋកិច្ច បើទោះបីជាពន្ធនាំចូល ៥០% ត្រូវបានដាក់ដោយសហរដ្ឋអាមេរិកក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅចុុងសប្តាហ៍នេះ លោកស្រី Sitharaman បាននិយាយប្រាប់ទៅកាន់សារព័ត៌មានក្នុងស្រុក CNN-News18 ដោយបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសឥណ្ឌា មិនមានគម្រោងបញ្ឈប់ការទិញចូលប្រេងពីរុស្ស៊ីនោះទេ។ បច្ចុប្បន្ន ប្រទេសឥណ្ឌា គឺជាប្រទេសនាំចូល និងប្រើប្រាស់ប្រេងធំជាងគេបំផុតទី៣ របស់ពិភពលោក។
លោកស្រី Sitharaman បានសង្កត់ធ្ងន់ទៀតថា៖” យើងត្រូវតែសម្រេចចិត្តថា តើប្រភពណាដែល្អបំផុតសម្រាប់យើង។ ដូច្នេះយើងនឹងបន្តទិញប្រេងពីរុស្ស៊ី។ មិនថាវាជាប្រេងរបស់រុស្ស៊ី ឬផលិតផលរបស់ប្រទេសណាផ្សេងទៀតទេ យើងនឹងសម្រេចចិត្តថា តើត្រូវទិញវានៅទីណាដែលសក្តិសមបំផុត នឹងតម្រូវការរបស់យើង ដោយរាប់តាំងពីតម្លៃរហូតដល់ការដឹកជញ្ជូន”។
គួរឲ្យដឹងថា ចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើងក្នុងឆ្នាំ២០២២ មក ឥណ្ឌា បានចាប់យកឱកាសទិញប្រេងពីរុស្ស៊ី ដែលមានតម្លៃថោក ហើយឥឡុវនេះ បានក្លាយជាអតិថិជនដ៏ធំបំផុតនៃផលិតផលនេះ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក ហាក់មិនសប្បាយចិត្តទៅនឹងរឿងនេះនោះឡើយ ដោយកាលពីខែមុន ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធទ្វេដងទៅឡើទំនិញរបស់ប្រទេសឥណ្ឌា ដែលធ្វើឲ្យចំនួនពន្ធសរុបកើនឡើងដល់ ៥០% ក្នុងកិច្ចខិតខំប្រឹងប្រែងបង្កើនសម្ពាធលើទីក្រុងម៉ូស្គូ ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន៕

