ហ្វីលីពីន ដែលជាប្រទេសនាំចូលអង្ករលំដាប់កំពូលរបស់ពិភពលោក គ្រោងនឹងរក្សាការហាមឃាត់ការទិញចូលអង្កររបស់ខ្លួនបន្ថែមទៀត រហូតដល់ខែមេសា ឆ្នាំក្រោយ ដើម្បីគាំទ្រដល់កសិករក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

លោក Francisco P. Tiu Laurel Jr. រដ្ឋលេខាធិការក្រសួងកសិកម្មរបស់ហ្វីលីពីន បាននិយាយកាលពីដើមសប្តាហ៍នេះថា ការរឹតបន្តឹងនឹងនៅតែចូលជាធរមានរហូតដល់ដំណាច់ឆ្នាំនេះ ហើយនឹងត្រូវពិចារណាឲ្យបើកការនាំចូលឡើងវិញ ក្នុងអំឡុងខែកុម្ភៈ ឬខែមេសា ឆ្នាំក្រោយ។
គួរឲ្យដឹងផងដែរថា ការហាមឃាត់ដែលត្រូវបានកំណត់ជាលើកដំបូង គឺមានរយៈពេល ៦០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ហើយត្រូវបានបន្តពន្យាពេលបន្ថែមទៀត ដោយប្រធានាធិបតី លោក Ferdinand Marcos Jr. កាលពីខែពីចុងខែមុន បើទោះបីជារយៈពេលហាមឃាត់ពិតប្រាកដ មិនត្រូវបានបញ្ជាក់ឲ្យដឹងក៏ដោយ។
ទន្ទឹមនឹងនេះ បើតាមលោក Christopher Morales អនុលេខាធិការផ្នែកកសិកម្មសម្រាប់ការអភិវឌ្ឍឧស្សាហកម្មស្រូវ បាននិយាយថា ការផ្គត់ផ្គង់អង្កររបស់ហ្វីលីពីន ត្រូវបានគេរំពឹងថានឹងឈានដល់ចំនួនចម្លោះពី ៣,២៤-៤,០៦ លានតោននៅចុងឆ្នាំនេះ ដែលវាគ្រប់គ្រាន់ដើម្បីគាំទ្រដល់ការហាមឃាត់ការនាំចូលពីបានពី ៦០ ទៅ ១២០ថ្ងៃ។
ជម្រាបជូនផងដែរថា ជុំវិញការពន្យារពេលនៃការហាមឃាត់ការនាំចូលរបស់ហ្វីលីពីនេះ អាចជួយរក្សាការផ្គត់ផ្គង់ឲ្យស្ថិតនៅកម្រិតខ្ពស់ និងជំរុញការធ្លាក់ចុះនៃតម្លៃស្រូវអង្ករ នៅទូទាំងប្រទេស៕

