លោក Macron គ្រោងតែងតាំងនាយករដ្ឋមន្ត្រីបារាំងទី៦ ក្នុងរយៈពេលតិចជាង ២ឆ្នាំ

អន្តរជាតិ

ប្រធានាធិបតីបារាំង លោក Emmanuel Macron ថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា គ្រោងនឹងតែងតាំងនាយករដ្ឋមន្ត្រីទី៦ សម្រាប់អាណត្តិរបស់លោកដែលមានរយៈពេលតិចជាងពីរឆ្នាំមកនេះ ដើម្បីជំនួសតំណែងលោក Sebastien Lecornu ដែលបានប្រកាសចុះចេញ បន្ទាប់ពីកាន់តំណែងបានតិចជាងមួយខែ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការិយាល័យប្រធានាធិបតីបារាំង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៨ ខែតុលាថា ៖”​ សមាជិកសភាភាគច្រើនជំទាស់ទៅនឹងការរំលាយសភា។ យើងនៅតែមានផ្លូវដែលអាចធ្វើទៅបាន ដើម្បីឈានដល់ការអនុម័តថវិកាជាតិ នៅមុនថ្ងៃទី៣១ ខែធ្នូ។ ដូច្នេះហើយ លោកប្រធានាធិបតី នឹងតែងតាំងនាយករដ្ឋមន្ត្រីថ្មី ក្នុងរយៈពេល ៤៨ម៉ោងបន្ទាប់”។

គួរឲ្យដឹងផងដែរថា លោក Lecornu ដែលត្រូវបានតែងតាំងដោយលោក Macron កាលពីខែមុន បានសម្រេចលាលែងចេញពីតំណែងរបស់ខ្លួនវិញ នៅថ្ងៃទី៦ ខែតុលា ពោលគឺនៅត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពិគណៈរដ្ឋមន្ត្រីថ្មីត្រូវបានប្រកាស។

លោក Lecronu គឺជាយករដ្ឋមន្ត្រីទី៥ ហើយដែលត្រូវបានតែងតាំងដោយប្រធានាធិបតីលោក Macron ក្នុងរយៈពេលតិចជាង ២ឆ្នាំមកនេះ។ ហើយបន្ទាប់ពីការចុះចេញពីតំណែងនេះ​លោក Macron បានស្នើឱ្យលោក Lecornu ជំរុញឱ្យមានការចរចារហូតដល់ថ្ងៃទី៨ ខែតុលា ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិនាពេលបច្ចុប្បន្ន។

ទន្ទឹមនឹងនេះ លោក Lecornu មិន​បាន​បញ្ជាក់​ថា​នរណា​នឹង​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​បន្ទាប់​របស់​បារាំង​ទេ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា​ការងារ​របស់​លោក​ត្រូវ​បាន​ធ្វើ​រួចរាល់ហើយ ដោយឡែកសម្រាប់​ការ​សម្រេច​ចិត្ត​គឺជា​របស់​ប្រធានាធិបតី លោក Macron។ ហើយសេចក្តីថ្លែងការណ៍របស់វិមាន Elysee ក៏មិនបានលើកឡើងថាអ្នកណាអាចជាអ្នកស្នងតំណែងរបស់លោក Lecornu ផងដែរ៕​