ព្រែកជីក Panama ប្រកាសកើនប្រាក់ចំណូលជិត ៦ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ២០២៥

អន្តរជាតិ

យោងតាមអាជ្ញាធរព្រែកជីក Panama បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រាក់ចំណូលរបស់ខ្លួនបានកើនឡើងប្រហែល ១៤,៤% ដល់ចំនួនសរុបប្រមាណ ៥,៧ពាន់លានដុល្លារ នៅក្នុងឆ្នាំសារពើពន្ធ២០២៥ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អាជ្ញាធរព្រែកជីក ក៏បានរាយការណ៍ទៀតផងដែរថា ការដឹកជញ្ជូនតាមនាវា បានកើនឡើង ១៩,៣% ដល់ចំនួន ១៣ ៤០៤ គ្រឿង ក្នុងអំឡុងឆ្នាំសារពើពន្ធមានរយៈពេល ១២ខែ ដែលបានបញ្ចប់ទៅ នៅត្រឹមថ្ងៃទី៣០ ខែកញ្ញា។

គួរឲ្យដឹងផងដែរថា នាវាដឹកកុងតឺន័រ និងឧស្ម័នប្រេងរាវ (LPG) បានជំរុញដល់កំណើនប្រាក់ចំណូលនេះជាងគេ ខណៈពេលដែលការចរាចរណ៍របស់ក្រុមហ៊ុនដឹកជញ្ជូនធំៗភាគច្រើន បន្តស្ទុះងើបឡើងវិញ។

អាជ្ញាធរព្រែកជីក បាននិយាយទៀតថា លទ្ធផលដ៏ល្អនេះ បានធ្វើឲ្យព្រែកជីក Panama ស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុដ៏រឹងមាំមួយ មុនពេលការវិនិយោគដែលបានគ្រោងទុកដែលនឹងចាប់ផ្តើមនៅឆ្នាំ២០២៦ ដើម្បីពង្រីកសមត្ថភាព និងរក្សាភាពប្រកួតប្រជែង៕​