តម្លៃមាសពិភពលោក បានកើនឡើងដល់កម្រិតខ្ពស់បំផុតគិតនៅត្រឹមថ្ងៃចន្ទ ដែលនេះហាក់បានបង្ហាញពីការកើនឡើងឥតឈប់ឈរ ចំពោះលោហៈធាតុដែលត្រូវបានចាត់ទុកថាជាទ្រព្យសម្បត្តិដ៏សុវត្តិភាព ជាពិសេចំពេេលមានភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមរិក និងចិនឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រភពដដែលនេះ បានរាយការណ៍ឲ្យដឹងទៀតថា តម្លៃមាសជួញដូរដោយផ្ទាល់ បានកើនឡើង ១,៥% ដល់កម្រិតខ្ពស់បំផុតគ្រប់ពេល ក្នុងចំនួនប្រមាណជាង ៤ ០៧៨ដុល្លារ ក្នុងមួយអោន ស្របពេលតម្លៃមាសនាពេលអនាគតរបស់អាមេរិកវិញ បានកើនឡើង ២,៣% ដល់ចំនួន ៤ ០៩៣ដុល្លារ/អោន។
យ៉ាងណាមិញ ជុំវិញការបន្តហក់ឡើងនៃតម្លៃមាសនេះ បានកើតឡើងចំពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមដាល់ពន្ធ ១០០% បន្ថែមលើទំនិញរបស់ចិន និងបានប្រកាសពីការត្រួតពិនិត្យការនាំចេញថ្មីលើកម្មវិធីសំខាន់ៗរបស់ខ្លូួន ត្រឹមថ្ងៃទី១ ខែវិច្ឆិកា តទៅ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្វីដែលសំខាន់បំផុត គឺភាពភ័យខ្លាចដោយសារតែកំណើននៃភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្ម និងការរំពឹងទុកនៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក ខណៈពេលដែលប្រាក់ក៏បានកើនឡើងដល់កម្រិតខ្ពស់គ្រប់ពេលវេលាផងដែរ។
ជម្រាបជូនផងដែរថា បើតាមលោក Kyle Rodda អ្នកវិភាគប្រចាំនៅ Capital.com បាននិយាយថា ៖”វាគួរឱ្យចាប់អារម្មណ៍ណាស់ ពីព្រោះការអភិវឌ្ឍន៍នៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ គឺជាដើមហេតុនៃការធ្លាក់ចុះនៃទីផ្សារមាសអន្តរជាតិ ប៉ុន្តែឥឡូវនេះ យើងមានហានិភ័យចំពោះការហក់ឡើងខ្ពស់មកវិញ ដោយសារភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន”៕

