ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្មីៗនេះបាននិយាយថា លោកកំពុងពិចារណាបញ្ឈប់ការទិញចូលទំនិញសំខាន់ៗមួយចំនួនពីប្រទេសចិន ដូចជាប្រេងឆាជាដើម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ដោយបង្ហោះនៅលើបណ្តាសង្គម Truth Social នៅថ្ងៃទី១៤ ខែតុលាកន្លងទៅ លោក ត្រាំ បាននិយាយថា៖” ខ្ញុំជឿជាក់ថាការបដិសេដដោយចេតនារបស់ចិន ក្នុងការឈប់ទិញចូលសណ្តែងសៀងរបស់អាមេរិក ដែលបានបង្កការលំបាកដល់សកិកររបស់យើងនោះ គឺជាសកម្មភាពពាណិជ្ជកម្មដែលមិនរាក់ទាក់នោះឡើយ។ ហើយពេលនេះ យើងកំពុងពិចារណាបញ្ឈប់ការនាំចូលប្រេងឆា និងទំនិញពាណិជ្ជកម្មផ្សេងទៀតរបស់ពួកគេ ដើម្បីជាការឆ្លើយតបវិញ”។
លោកប្រធានាធិបតីអាមេរិករូបនេះ ក៏បានសង្កត់ធ្ងន់ទៀតថា សហរដ្ឋអាមេរិកអាចផលិតប្រេងឆាដោយខ្លួនឯងបានយ៉ាងងាយស្រូួល ពោលគឺមិនចាំបាច់ត្រូវទិញចូលពីចិនទៀតនោះឡើយ។
គួរឲ្យដឹងថា ចិនគឺជាប្រទេសនាំចូលសណ្តែងសៀងដ៏ធំបំផុតរបស់ពិភពលោក ប៉ុន្តែពួកគេមិនបានទិញសណ្តែងសៀងរបស់អាមេរិកទៀតឡើយ ចាប់តាំងពីការប្រមូលផលនៅរដូវស្លឹកឈើជ្រុះមក។ ហើយផ្ទុយទៅវិញ ប្រទេសនេះ បែជាងាកទៅទិញពីប្រទេសប្រេស៊ីល អាហ្សង់ទីនជាដើម។
ជម្រាបជូនថា ជុំវិញបញ្ហានេះ បានធ្វើឲ្យកសិករអាមេរិកបានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងនៅឆ្នាំនេះ ដោយប្រទេសចិនបានបញ្ឈប់ការទិញ និងធ្វើឲ្យតម្លៃដំណាំមួយចំនួនធ្លាក់ចុះ ដោយសារការប្រមូលផលមានកំណត់។ ហើយជាមួយគ្នានោះ រដ្ឋបាលលោក ត្រាំ ត្រូវបានគេនិយាយថាកំពុងរៀបចំកញ្ចប់ថវិកាសង្គ្រោះពី ១០ ទៅ ១៥ពាន់លានដុល្លារដំបូង សម្រាប់ជួយដល់កសិករដែលរងផលប៉ះពាល់៕

