ប្រទេសចិន មិនបាននាំចូលសណ្តែកសៀងពីសហរដ្ឋអាមេរិកទាល់តែសោះ ណោក្នុងខែកញ្ញា ដែលនេះជាលើកដំបូងហើយក្នុងរយៈពេល ៧ឆ្នាំចុងក្រោយ គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨ មក ចំពេលជម្លោះពាណិជ្ជកម្មកំពុងបន្តតានតឹងឡើង រវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតទាំងពីរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមទិន្នន័យពីរដ្ឋបាលទូទៅរបស់ប្រទេសចិន បានបង្ហាញឲ្យដឹងនៅថ្ងៃទី២០ ខែតុលាថា ការនាំចូលសណ្តែកសៀងពីសហរដ្ឋអាមេរិករបស់ចិន កាលពីខែមុន បានធ្លាក់ចុះដល់កម្រិតសូន្យ ពីចំនួន ១,៧ លានតោន បើធៀបទៅនឹងពេលដូចគ្នា កាលពីឆ្នាំមុន។
យ៉ាងណាមិញ បើតាមលោក Wan Chengzhi អ្នកវិភាគប្រចាំក្រុមហ៊ុន Capital Jingdu Futures បាននិយាយថា កត្តាចម្បងដែលធ្វើឲ្យការនាំចូលធ្លាក់ចុះខ្លាំងបែបនេះ គឺដោយសារតែបញ្ហាពន្ធគយ។ បើសិនជាគ្មានបញ្ហានេះទេ នៅក្នុងឆ្នាំធម្មតា សណ្តែកសៀងចាស់មួយចំនួន នឹងនៅតែត្រូវបាននាំចូលនៅក្នុងទីផ្សារចិនដដែល។
គួរឲ្យដឹងផងដែរថា ចាប់តាំងពីជម្លោះពាណិជ្ជកម្មបានកើតឡើងមក ចិន បានងាកទៅទិញសណ្តែកសៀងពីប្រទេសផ្សេងជំនួសវិញ ដោយការនាំចូលពីប្រេស៊ីល កាលពីខែមុន បានកើនឡើង ២៩,៩% ដល់ចំនួន ១០,៦ លានតោន ស្មើទៅនឹង ៨៥,២% នៃការនាំចូលសរុបរបស់ចិន ខណៈការនាំចូលពីអាហ្សង់ទីនវិញ បានកើនឡើង ៩១,៥% ដល់ ១,១៧ លានតោន ឬស្មើ ៩% នៃការនាំចូលសរុប។
ជម្រាបជូនផងដែរថា ការនាំចូលសណ្តែកសៀងរបស់ប្រទេសចិន បានកើនឡើងដល់ ១២,៧ លានតោន ក្នុងខែកញ្ញា ដែលជាកម្រិតខ្ពស់បំផុតទីពីរមិនធ្លាប់មាន នៅក្នុងកំណត់ត្រានៃការនាំចូល៕

