ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានប្រកាសដាក់ទណ្ឌកម្មទៅឡើក្រុមហ៊ុនប្រេងធំជាងគេបំផុតចំនួនពីររបស់រុស្ស៊ី បន្ទាប់ពីបានត្អូញត្អែរថាកិច្ចពិភាក្សាជាមួយប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន ជុំវិញការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ហាក់គ្មានផ្លែផ្កាអ្វីនោះឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ដោយថ្លែងប្រាប់ទៅកាន់អ្នកយកព័ត៌មាន កាលពីថ្ងៃទី២២ ខែតុលា លោក ត្រាំ បាននិយាយថា សហរដ្ឋអាមេរិក កំពុងដក់ទណ្ឌកម្មធ្ងន់ធ្ងរ លើក្រុមហ៊ុនប្រេងរុស្ស៊ីពីរ គឺ Rosneft និង Lukoil ដោយសង្កត់ធ្ងន់ថាបញ្ហា សង្គ្រាមអាចនឹងត្រូវបានដោះស្រាយ។
គួរឲ្យដឹងផងដែរថា ជុំវិញការដាក់ទណ្ឌកម្មនេះ រួមមានការបង្កកទ្រព្យសម្បត្តិទាំងអស់របស់ក្រុមហ៊ុន Rosneft និង Lukoil នៅសហរដ្ឋអាមេរិក និងហាមក្រុមហ៊ុនអាមេរិកទាំងអស់ពីការដោះស្រាយជាមួយក្រុមហ៊ុនរបស់រុស្ស៊ីទាំងពីរ។
ជម្រាបជូនថា ចំណាត់ការចុងក្រោយរបស់សហរដ្ឋអាមេរិកនេះគឺជាការបោះជំហានដ៏សំខាន់មួយក្នុងសកម្មភាពប្រឆាំងនឹងរុស្ស៊ី និងឆ្លុះបញ្ចាំងពីការខកចិត្តកាន់តែខ្លាំងឡើងរបស់លោក ត្រាំ ចំពោះការអសមត្ថភាពរបស់លោក ក្នុងការបញ្ចុះបញ្ចូលភាគីរុស្ស៊ីលោក ពូទីន ឱ្យបញ្ចប់ជម្លោះនៅអ៊ុយក្រែន៕

