ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាននិយាយថា ទណ្ឌកម្មដែលសហរដ្ឋអាមេរិកដាក់ប្រឆាំងទៅនឹងក្រុមហ៊ុនប្រេង Rosneft និង Lukoil គឺធ្ងន់ធ្ងរណាស់ ប៉ុន្តែវាហាក់មានផលប៉ះពាល់តិចតួចប៉ុណ្ណោះទៅលើសេដ្ឋកិច្ចរបស់រុស្ស៊ី ហើយវានឹងមានផលប៉ះពាល់ខ្លាំងដល់អាមេរិកវិញ ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី២៣ ខែតុលា លោក ពូទីន បានវាយតម្លៃថា ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងក្រុមហ៊ុន Rosneft និង Lukoil ដែលជាក្រុមហ៊ុនប្រេងធំជាងគេបំផុតទាំងពីររបស់រុស្ស៊ី គឺ “ធ្ងន់ធ្ងរណាស់ ហើយនឹងមានផលវិបាកជាក់លាក់” ប៉ុន្តែលោកក៏បានសង្កត់ធ្ងន់ថា វានឹងមិនប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចរុស្ស៊ីទាំងមូលនោះទេ។
មិនតែប៉ុណ្ណោះ លោក ពូទីន និយាយទៀតថា ៖”នេះគឺជាទង្វើមិនរាក់ទាក់ដែលមិនពង្រឹងទំនាក់ទំនងរុស្ស៊ី-អាមេរិក ដែលទើបតែចាប់ផ្តើមងើបឡើងវិញ ហើយវាជាការប៉ុនប៉ងបង្កើនសម្ពាធ”។ មេដឹកនាំកំពូលរូបនេះ បន្ថែមទៀតថា រុស្ស៊ីគឺជាប្រទេសមួយដែលមានការគោរពខ្លួនឯង ហើយនឹងមិនធ្វើការសម្រេចចិត្តក្រោមសម្ពាធពីខាងក្រៅឡើយ។
យោងតាមលោកពូទីន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មច្រើនបំផុតប្រឆាំងនឹងរុស្ស៊ី គិតចាប់តាំងពីក្នុងអាណត្តិដំបូងរបស់លោកមកម្លេះ។
ជម្រាបជូនផងដែរថា បច្ចុប្បន្ននេះ រដ្ឋាភិបាលរុស្ស៊ី បានពិភាក្សាជាមួយសមភាគីរបស់លោកអំពីផលប៉ះពាល់នៃការផ្គត់ផ្គង់ប្រេងរបស់រុស្ស៊ីលើតម្លៃប្រេងសកល រួមទាំងនៅសហរដ្ឋអាមេរិកផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ពូទីន៕

